ក្នុងក្រុមគ្រួសារ គួរមានតែរឿងល្អៗឱ្យបានច្រើន តែនៅក្នុងការពិតវិញ ក្នុងក្រុមគ្រួសារនីមួយៗប្រហែលជាមិនបានមានតែរឿងល្អៗ ជានិច្ចនោះទេ ដូច្នេះរឿងដែលសំខាន់នោះគឺ យើងត្រូវដឹងនូវអ្វីដែលយើងត្រូវមាននៅក្នុងក្រុមគ្រួសារថា តើរឿងមួយណា ជារឿងល្អ ដែលគួរមាន គួរថែរក្សាទុក និងតើរឿងណា ជារឿងមិនល្អ ដែលត្រូវតែកម្ចាត់ចោលឱ្យអស់។
១. អំពើហិង្សា
ទិដ្ឋភាពដែលមើលឃើញច្បាស់បំផុត របស់អំពើហិង្សានៅក្នុងគ្រួសារនោះគឺ ការប្រើអារម្មណ៍(កំហឹង) របស់ឪពុកម្តាយ ដែលមានទាំងជាមួយឪពុកម្តាយខ្លួនឯង និងជាមួយកូនៗ។ ពេលខ្លះអាចមើលទៅថា ជារឿងតូចតាច និងធម្មតា ដូចជា ការជេរស្តីបន្ទោស ឬមានកំហឹង គំហកកំហែងដាក់កូន ជាដើម តែរឿងទាំងអស់នេះ ក៏អាចនាំមកនូវអំពើហឹង្សាចំពោះកុមារ ដោយមិនដឹងខ្លួនដែរ ដូច្នេះ ការខឹងមួម៉ៅ គឺជារឿងដំបូងគេមួយ ដែលគួរតែយកចេញពីក្រុមគ្រួសារ។
អ្នកជំនាញផ្នែកចិត្តសាស្រ្តគ្រួសារ បានណែនាំថា ឪពុកម្តាយគួរចេះគ្រប់គ្រងអារម្មណ៍ កុំប្រើ(អារម្មណ៍( កំហឹងជាមួយកូន ព្រោះគ្មាននរណាធ្វើបាបយើងខាងអារម្មណ៍បាន ក្រៅពីយើងខ្លួនឯងនោះទេ។ បើកូនលេងរពឹស ឬធ្វើអ្វីមួយខុស យើងត្រូវគ្រប់គ្រងអារម្មណ៍ខ្លួនឯងឱ្យបាន ចូរនឹកដល់សេចក្តីស្រឡាញ់ សេចក្តីសង្ឃឹមល្អៗ នឹកដល់មូលហេតុ និងហេតុផលថា តើហេតុអ្វីបានជាកូនយើងមានទង្វើបែបនេះ ហើយរិះរកវិធីដោះស្រាយយ៉ាងមានសតិ។
២. ស្រា/ បារី
ក្រៅពីជាគំរូមិនល្អចំពោះកូនៗហើយនោះ ស្រា និងបារី ថែមទាំងជាវត្ថុដែលធ្វើឱ្យបរិយាកាសក្នុងគ្រួសារល្អក់កករទៀតផង។ ក្នុងគ្រួសារដែលមានឪពុក ឬម្តាយផឹកស្រា និងស្រវឹងជាប្រចាំនោះ សតិស្មារតី ដែលគួរមានក្នុងការចិញ្ចឹមថែទាំកូន នឹងរលាយបាត់អស់ អាចជាហេតុធ្វើឱ្យឪពុកម្តាយធ្វើនូវរឿងដែលមិនគួរធ្វើ ឬអាក្រក់ជាងនោះទៅទៀត គឺអាចនាំអំពើហិង្សា ចូលមកក្នុងក្រុមគ្រួសារទៀតផង។
បារី ក៏មិនចាញ់គ្នាប៉ុន្មានដែរ ព្រោះមានឯកសារបញ្ជាក់យ៉ាងច្បាស់លាស់ថា អ្នកដែលស្ថិតនៅជុំវិញមនុស្សជក់បារី នឹងបានទទួលសារធាតុពុល ខ្លាំងជាងអ្នកជក់ផ្ទាល់ទៅទៀត ដូច្នេះហើយទើបការជក់បារីប្រៀបដូចជាការសម្តែងចេញ ពីការមិនគិតបារម្ភ ពីមនុស្សនៅក្នុងគ្រួសារ ធ្វើឱ្យកូនៗអាចមានអារម្មណ៍ក្នុងរឿងនេះថា ប៉ាម៉ាក់ ដែលជក់បារី មិនស្រឡាញ់កូនៗ ក៏អាចថាបានដែរ។
អ្នកជំនាញការផ្នែកខាងសុខភាពក្នុងគ្រួសារ បាននិយាយថា រឿងមិនល្អ ដែលចង់ឱ្យកាត់បន្ថយចុះខ្លះនោះ គឺរឿងដែលបំផ្លាញសុខភាព ដូចជាការសេពសុរា និងការជក់បារី ព្រោះក្រៅពីវា នឹងធ្វើឱ្យកើតបញ្ហាសុខភាពហើយនោះ នៅហុចផលធ្វើឱ្យងាយកើតមានទំនាស់ នៅក្នុងក្រុមគ្រួសារទៀតផង។
៣. បរិភោគនិយម និងភាពខ្ជះខ្ជាយ
ក្រៅពីជាមូលហេតុដំបូងៗគេ ក្នុងការនាំបញ្ហាសេដ្ឋកិច្ច ចូលមកក្នុងគ្រួសារហើយនោះ វាថែមទាំងជាពិសពុល និងគ្រោះភ័យចំពោះវប្បធម៌សន្សំសំចៃ ដែលឪពុកម្តាយគួរតែបណ្តុះឱ្យកូនៗចេះដឹងទៀតផង។ អ្វីដែលគួរឱ្យព្រួយបារម្ភខ្លាំងជាងនោះ គឺវប្បធម៌បរិភោគនិយម ដែលរុញច្រានមនុស្សម្នា ជាពិសេសក្រុមមនុស្សវ័យជំទង់ ឱ្យងាកទៅផ្តល់អត្ថន័យចំពោះជីវិត ដែលសង្កត់ធ្ងន់តែលើការបរិភោគតែម្យ៉ាងគត់ តាំងពីបរិភោគ ដើម្បីសាងរូបរាងលក្ខណៈរបស់ខ្លួន បរិភោគដើម្បីបង្ហាញពីអំណាច បរិភោគដើម្បីឱ្យបានចូលចុះក្នុងក្រុមណាមួយ គឺជាការបរិភោគ ដែលលើសពីភាពសមល្មមគ្រប់គ្រាន់ ដែលអាចនឹងនាំឆ្ពោះទៅរកភាពប្រឈមចំពោះបញ្ហាផ្សេងៗបានយ៉ាងងាយ ដូចជាបញ្ហាជំងឺធាត់ ជាដើម។
៤. ការភូតភរកុហក
រឿងសំខាន់មួយទៀត សម្រាប់ក្រុមគ្រួសារនោះគឺ ភាពជឿទុកចិត្តគ្នា ព្រោះបើខ្វះភាពជឿទុកចិត្តលើគ្នាហើយនោះ ក្រុមគ្រួសារដែលពោរពេញទៅដោយភាពសង្ស័យ មិនទុកចិត្តគ្នាទៅវិញទៅមក ពិតជាមានបរិយាកាសមិនខុសអ្វីនឹងសំបុកចោរនោះទេ ហើយអ្វីដែលនឹងបំផ្លាញភាពជឿទុកចិត្តបានខ្លាំងបំផុតនោះគឺ ការភូតភរកុហកគ្នាហ្នឹងឯង។
ការភូតភរកុហកបន្តិចបន្តួច ត្រឹមតែ ១ដង អាចនាំមកនូវភាពសង្ស័យ មិនទុកចិត្តត្រឹមតែ ១ដងមែន តែក្តីសង្ស័យ មិនទុកចិត្ត ដែលគ្មានថ្ងៃរលុបបាត់នោះ អាចនឹងរីករាលដាល បំផ្លាញបរិយាកាសរបស់ក្រុមគ្រួសារបានយ៉ាងងាយ។
ក្រៅពីប្រការទាំង៤ ខាងលើនេះហើយ នៅមានរឿងជាច្រើនទៀត ដែលមិនគួរបណ្តោយឱ្យវាឈានជើង ចូលមកបង្ករឿងនៅក្នុងក្រុមគ្រួសាររបស់យើងឡើយ តែមិនថារឿងរ៉ាវទាំងអស់នោះ វាមានច្រើន ឬតិចប៉ុនណាក៏ដោយ បើក្រុមគ្រួសារមានតែសេចក្តីស្រឡាញ់ និងភាពយល់ចិត្តយល់ថ្លើមចំពោះគ្នានោះ ពិតជាអាចកម្ចាត់រឿងមិនល្អទាំងនោះ ឱ្យរលាយបាត់អស់ទៅវិញបានមិនខាន៕
មតិយោបល់