ភ្នំពេញ ÷ បុរសម្នាក់បានជិះម៉ូតូឌ្រីមសង់មួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តកូរ៉េឈប់រងចាំស្តុបពីក្រោយ យ៉ាងពេញទំហឹង បណ្តាលឲ្យបោកក្បាលផ្ទប់នឹងរថយន្តស្លា.ប់ភ្លាមៗ នៅនឹងកន្លែង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង៥០នាទីយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ ទឹកថ្លា ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពមានឈ្មោះ មៅ ចិត្រ ភេទប្រុសអាយុ៣៤ ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តកូរ៉េដឹកទំនិញមួយគ្រឿង ពណ៌ខៀវពាក់ផ្លាកលេខ ព្រះសីហនុ 2A-8056 បើកបរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុ បានឈប់រងចាំស្តុប ស្រាប់តែភ្លាមនោះដែរ ក៏មានបុរសរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ សេ១២៥ ស៊េរីឆ្នាំ២០១៩ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1HI -3293 ធ្វើដំណើស្របគ្នាពីកើតមកលិចក្នុងល្បឿនលឿន ជាន់ហ្រ្វាំងមិនទាន់ ក៏ជ្រុលទៅបុករថយន្តកូរ៉េ ពីក្រោយពេញទំហឹង បណ្តាលឲ្យបោកក្បាលផ្ទប់និងរថយន្តស្លា.ប់ភ្លាមៗ ចំណែកឯម៉ូតូវិញខ្ទេចមួយកំណាត់មុខទាំងស្រុង។
បន្ទាប់ពីកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនិងជំនាញ ចុះមកវាស់វែងយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅ ជំនាញចរាចរណ៍ក្រុង រងចាំដោះស្រាយនៅពេលក្រោយ៕





មតិយោបល់