ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (គ.វ.ក១៩) និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ខណៈដែលវីរុសបំប្លែងថ្មី អូមីក្រុង កំពុងតែចរាចរ និងឆ្លងយ៉ាងលឿននៅក្នុងសហគមន៍របស់យើង។
ដោយសារការចម្លងវីរុសកូវីដ-១៩ បច្ចុប្បន្នស្ថិតនៅចំនួន ៣ខ្ទង់ជារៀងរាល់ថ្ងៃ លោកជំទាវ ឱ វណ្ណឌីន បានធ្វើការអំពាវនាវដ៏ទទូច សូមឱ្យបុគ្គលគ្រប់រូបបន្តអនុវត្តវិធានការបង្ការការចម្លងវីរុសកូវីដ-១៩ ឱ្យបានហ្មត់ចត់ជាទីបំផុតចាប់ពីឥឡូវនេះទៅ ដើម្បីកាត់ផ្ដាច់ខ្សែចម្លងលឿននៃអូមីក្រុង នាពេលនេះ ដោយអនុវត្តជាចាំបាច់នូវវិធានការ “៣ការពារ និង៣កុំ ព្រមទាំងនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៣ ឬដូសជំរុញ” ឱ្យបានទាន់ពេលវេលា ដើម្បីចៀសវាងការសោកស្ដាយ។
លោកជំទាវ បានបញ្ជាក់បន្ថែមថា ៖ “វីរុសអូមីក្រុង បានមកដល់ហើយ បងប្អូនយើងអើយសូមប្រុងប្រយ័ត្ន និងសូមចូលរួមទប់ស្កាត់ឱ្យបានទាន់ពេល មិនត្រូវបណ្តោយឱ្យឆ្លងរាលដាល ហើយត្រៀមខ្លួនគ្រប់ពេល ដើម្បីការពារខ្លួនពីការវ៉ៃលុក ពីវីរុសកូវីដ-១៩”។
ក្នុងន័យនេះ លោកជំទាវ បានអំពាវនាវឱ្យជនរួមជាតិត្រៀមខ្លួនជាស្រេចសម្រាប់ការឆ្លើយតបទៅនឹងការដែលអាចកើនឡើងជាបន្តបន្ទាប់ នៃការឆ្លងវីរុសកូវីដ-១៩ ប្រភេទអូមីក្រុង ដែលកើតមាននៅពេលនេះ ដើម្បីកុំឱ្យហួសខ្សែបន្ទាត់ក្រហម និងសូមកុំភ្លេច “៣ការពារ ៣កុំ និងចាក់វ៉ាក់សាំងកូវីដ-១៩” ដោយត្រូវរួមគ្នាអនុវត្តពីឥឡូវនេះតទៅ ហើយត្រូវកាត់បន្ថយ ការជួបជុំមនុស្សម្នាច្រើន ព្រមទាំងការប្រមូលផ្ដុំគ្នាបរិភោគអាហារក្នុងទ្រង់ទ្រាយធំជាចាំបាច់ ទើបយើងចៀសផុតពីមហន្តរាយសុខភាពសាធារណ: និងការស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩៕
មតិយោបល់