ព័ត៌មានជាតិ

ចំណេះដឹង អំពីវិធីរក្សាទុកស៊ុតមាន់-ទា ឱ្យនៅល្អបានយូរ

ស៊ុតមាន់ និងស៊ុតទា គឺជាអាហារដែលមានគុណប្រយោជន៍ច្រើនណាស់ដល់រាងកាយមនុស្សយើង តែពេលខ្លះបងៗស្រ្តីមេផ្ទះ អាចនឹងទិញយកមកទុក សម្រាប់ធ្វើជាម្ហូបអាហារច្រើនលើសតម្រូវការ និងទុកដាក់ក្នុងផ្ទះបាយយូរ រហូតដល់ភ្លេចមិនដឹងថា តើស៊ុតណានៅល្អ នៅថ្មី ឬស៊ុតណាខូច និងស៊ុតណានៅអាចញ៉ាំបាននោះឡើយ ហើយរឿងនេះ បានធ្វើឱ្យបងៗស្រ្តីមេផ្ទះយើង ឈឺក្បាលខ្លាំងណាស់ ព្រោះជួនកាលមិនទុកចិត្តខ្លួនឯង អាចនឹងយកទៅបោះចោលទាំងអស់តែម្តងក៏មាន តែ!! ឈប់សិន…ខាងក្រោមនេះ គឺជាចំណេះដឹងរឿងស៊ុត ដែលនឹងធ្វើឱ្យបងៗ លែងខ្វល់ខ្វាយនឹងរឿងខាងលើនោះទៀតហើយ…។

វិធីរក្សាទុកស៊ុតមាន់-ទា ឱ្យនៅល្អបានយូរ ពី 10-12ខែ

ស៊ុតមាន់ អាចរក្សាទុកបានយូរពី 10-12ខែ ដោយមិនបាច់ទុកនៅក្នុងទូទឹកកក និងដោយគ្រាន់តែស្រោបដោយទឺកប្រេងឆាស្តើងៗ ដើម្បីការពារ កុំឱ្យអុកស៊ីហ្ស៊ែន ជ្រៀតចូលទៅក្នុងស៊ុតបានតែប៉ុណ្ណោះ។

វិធីស្រោបស៊ុតដោយប្រេងឆា៖ សូមពាក់ស្រោមដៃជ័រ រួចបន្តក់ប្រេងឆានៅលើបាតដៃ ដែលពាក់ស្រោមដៃជ័រនោះបន្តិច លាបឱ្យ​សព្វ​​​​​ពេញបាតដៃ (កុំប្រើប្រេងឆាជោកពេក) រួចយកស៊ុតមកប្រមៀលចុះឡើងលើបាតដៃ ដែលមានប្រេងឆានោះ ឱ្យប្រឡាក់សព្វលើស៊ុត រួច​​ហើយយកមកដាក់ក្នុងកញ្រ្ចែងដាក់ស៊ុតដូចដើមវិញ។ តែប៉ុណ្ណឹង ស៊ុតមាន់-ទា ដែលយើងមានទាំងប៉ុន្មាននោះ នឹងអាចរក្សាទុកបានយូរ ដល់ទៅ 10-12ខែហើយ។

 

វិធីមើលថា តើស៊ុតណាស្អុយ ស៊ុតណានៅល្អ?

ទុកស៊ុតឆៅក្នុងទូយូរពេក ហើយថែមទាំងច្រឡំដៃ យកស៊ុតថ្មី ដែលទើបតែទិញ មកទៅដាក់លាយឡំជាមួយគ្នាទៀត អូ ម៉ាយហ្កដ!! ពេលនេះវីវរហើយបងប្អូន…! ចង់គោះបំបែកមើល ក៏ខ្លាចប៉ះចំស៊ុតស្អុយ (ព្រោះក្លិនវា មិនបាច់បរិយាយឡើយថា វាស្អុយប៉ុនណា)…តែមិនបាច់ភ្ញាក់ផ្អើលទេបងៗ ព្រោះយើងមានវិធីងាយៗ ក្នុងការមើលឱ្យដឹងថា តើស៊ុត ១ណាស្អុយ និងស៊ុត ១ណា នៅល្អ ដោយគ្រាន់តែ​យកស៊ុតទៅដាក់ក្នុងទឹក…ស៊ុតខូច ឬស៊ុតស្អុយ វានឹងអណ្តែតទឹកឡើង ឯស៊ុតដែលនៅល្អ វាលិចនៅបាតទឹក។

 

វិធីពុះស៊ុតឆ្អិនបកហើយ ឱ្យស្អាតគួរទទួលទាន

ការពុះស៊ុតស្ងោរឆ្អិន ដែលបកសម្បករួចហើយដោយកាំបិត គឺជាវិធីធម្មតាទូទៅ ដែលយើងអាចធ្វើជាប្រចាំ តែ តើដែលសង្កេតមើលទេថា ស៊ុតដែលពុះហើយនោះ ភាគច្រើន មិនស្មើគ្នា ជួនកាលដាច់បាក់ជាកំណាត់ៗ ហើយតែងមានស៊ុតក្រហម ជាប់នឹងផ្លែកាំបិតចេញមក ក៏មានដែរ…ដូច្នេះ កុំអាលអស់សង្ឃឹមអី មានវិធីដ៏ងាយបំផុតមួយ ក្នុងការពុះស៊ុតស្ងោរ ឱ្យនៅស្អាត ដោយមិនចាំបាច់ប្រើឧបករណ៍អ្វីឡើយ ដោយគ្រាន់តែអ្នកមានខ្សែអំបោះ​នីឡុង ១សសៃតូចប៉ុណ្ណោះ។

 

យកចុងខ្សែម្ខាង ទៅចងឱ្យជាប់នឹងអ្វីក៏បាន ដូចជាដៃទូដាក់ម្ហូប ដែកគោលវីសដែលមួលជាប់​នឹង​ជញ្ជាំង​នៅក្នុងចង្រ្កានក៏បាន រួចហើយចាប់ទាញចុងម្ខាងទៀត ឱ្យតឹងដោយដៃម្ខាង ហើយយកស៊ុតស្ងោរឆ្អិន ​​ដែលបក​​​​​​​សម្បក​ហើយនោះ មកកាន់ដាក់ពីក្រោមខ្សែ រួចទាញសង្កត់ខ្សែពុះចុះក្រោម តែប៉ុណ្ណឹងលោកអ្នក នឹងបានស៊ុតស្ងោរ ដែលពុះហើយយ៉ាងស្អាត ត្រឹមស្មើម្ខាងៗ ឃើញហើយគួរឱ្យចង់ទទួលទានមិនខាន​៕

 

 

មតិយោបល់