ភ្នំពេញៈ ដើម្បីជំរុញការចូលរួមពីសំណាក់សិស្សានុសិស្ស ក្នុងការការពារ អភិរក្ស និងថែរក្សា នូវសម្បត្តិធម្មជាតិកម្ពុជា ឲ្យមាននិរន្តរភាព និងគង់វង្សជូនមនុស្សជំនាក់ក្រោយៗ ក្រសួងបរិស្ថាន បានរៀបចំការប្រកួតប្រជែងគូរគំនូរថ្នាក់ជាតិ ស្ដីពីបរិស្ថានសម្រាប់សិស្សបឋមសិក្សានៅទូទាំងប្រទេស។
សេចក្ដីប្រកាសព័ត៌មាន ក្រសួងបរិស្ថាន ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ ហើយចេញផ្សាយតាមហ្វេសប៊ុកនៅរសៀលថ្ងៃនេះ ឲ្យដឹងថា អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នឹងរៀបចំការប្រកួតប្រជែងគូរគំនូរថ្នាក់ជាតិលើវិស័យបរិស្ថាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីស្ដីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ។
ការប្រឡងនេះ មានគោលបំណងជំរុញការចូលរួមពីសិស្សានុសិស្ស ក្នុងការការពារ អភិរក្ស និងថែរក្សា នូវសម្បត្តិធម្មជាតិកម្ពុជា ឲ្យមាននិរន្តរភាព ស្ថិតស្ថេរ និងគង់វង្សជូនមនុស្សជំនាន់ក្រោយៗ ដើម្បីឲ្យកម្ពុជា ឈានសម្រេចបាននូវ “អារ្យធម៌បៃតងជឿនលឿន” ពិតប្រាកដនៅឆ្នាំ២០៣០។ ការប្រកួតប្រជែងគូរគំនូរបរិស្ថានថ្នាក់ជាតិនេះ នឹងជ្រើសរើសយកសិស្សគូរគំនូរជ័យលាភីចំនួន២រូប ក្នុងមួយគោលដៅរាជធានី-ខេត្ត ដើម្បីចូលរួមប្រកួតយកជ័យលាភីថ្នាក់ជាតិ ចាប់ពីលេខ១ ដល់លេខ៥ ដែលម្ចាស់ជ័យលាភី នឹងទទួលបានរង្វាន់លើកទឹកចិត្តពីក្រសួងបរិស្ថាន ទៅតាមចំណាត់ថ្នាក់។
ក្រសួងបរិស្ថាន សូមជូនដំណឹងដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ ដែលមានបំណងចង់ចូលរួមប្រកួតប្រជែងគូរគំនូរបរិស្ថានថ្នាក់ជាតិខាងលើ សូមទំនាក់ទំនងទៅមន្ទីរអប់រំ យុវជន និងកីឡា និងមន្ទីរបរិស្ថានរាជធានី-ខេត្តរៀងៗខ្លួន៕
មតិយោបល់