ស្ទឹងត្រែង៖ បើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន សមត្ថកិច្ចឃាត់ខ្លួនជនជាតិឡាវម្នាក់ និងថ្នាំញៀន១០កញ្ចប់ មានទម្ងន់១០គីឡូក្រាម ដែលនាំចូលឆ្លងដែនមកប្រទេសកម្ពុជា។
ករណីឃាត់ខ្លួននេះ បានធ្វើឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ ២០២២ ចំណុចគីឡូព្រំដែនលេខ០៣២ ជិតស្ពានលេខ២ ក្នុងភូមិសាស្ត្រ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
លោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនការិយាល័យ ក៩ បានឲ្យដឹងថា៖ ជនសង្ស័យជនជាតិឡាវឈ្មោះ ភីម ម៉ាន់ចាន់កាន់ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិថាកាំង ស្រុកមួន ខេត្តចំប៉ាសាក់ ប្រទេសឡាវ។
លោកបន្តថា៖ មុនឈានដល់ការបង្ក្រាបនិងឃាត់ខ្លួនជនជាតិឡាវម្នាក់នេះ កម្លាំងចម្រុះ បានសហការជាមួយកម្លាំងពាក់ព័ន្ធ និងធ្វើការស៊ើបអង្កេត ជាយូរថ្ងៃមកហើយ ទើបឈានដល់ការបង្ក្រាបករណីជួញដូរថ្នាំញៀនខាងលើនេះ បាននិងឃាត់ខ្លួនជនជាតិឡាវម្នាក់ ជាមួយនិងថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ម្សៅក្រាមពណ៌សចំនួន ១០កញ្ចប់ធំ ស្មើនឹង៩.៨៦៦,៥៦ក្រាម ។
នៅចំពោះមុខសមត្ថកិច្ច ជនជាតិឡាវជាជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀននេះខ្លួនបានស៊ីឈ្នួលនាំយកមកឲ្យគេ ក្រោយពីឆ្លងដែនមក ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតែម្ដង។សូមបញ្ជាក់ថា៖ ថ្នាំញៀនត្រូវបានធ្វើតេស្តបឋមដោយមានការចូលរួមពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែង រកឃើញថា ពិតជាមានសារធាតុញៀនពិតប្រាកដមែន។បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការខេត្ត ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕
មតិយោបល់