ព័ត៌មានជាតិ

យុវជនម្នាក់ផឹកស្រវឹង កាន់កាំបិតខ្វែវដងឬស្សី ដេញកាប់គេដោយមិនដឹងមូលហេតុ

កណ្តាលៈ បុរសម្នាក់បានរងរបួសធ្ងន់ ខណៈដែលយុវជនស្រវឹងខួបម្នាក់ បានយកកាំបិតខ្វែវដងឬស្សី ដេញកាប់បុរសម្នាក់ ដោយមិនដឹងមូលហេតុ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នៅចំណុចវត្តព្រៃលាក់ម្ចាស់ ភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

នគរបាលស្រុកខ្សាច់កណ្តាល បានឲ្យដឹងថាជនរងគ្រោះឈ្មោះ អន សុផាត ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកតាគង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជនសង្ស័យឈ្មោះ ម៉ើ ថេត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

នគរបាលស្រុកខ្សាច់កណ្តាលបានបញ្ចាក់ថា នៅថ្ងៃទី៣១ ខែសីហា ២០១៧ ឈ្មោះ អន សុផាត បានទៅមើលការខុសត្រូវជាងធ្វើព្រះវិហារ នៅក្នុងវត្តព្រៃលាក់ម្ចាស់ដូចរាល់ថ្ងៃ ដល់វេលាម៉ោង២រសៀល ជនរងគ្រោះបានដើរពីកន្លែងសាងសង់មកហូបទឹកនៅលើគ្រែ មុខបន្ទប់ដាក់សម្ភារៈសំណង់ ស្រាប់តែ ឈ្មោះ ម៉ើ ថេត ដែលមានសភាពស្រវឹងស្រាជោកបានកាន់ កាំបិតខ្វែវដងឬស្សី មកដេញកាប់ជនរងគ្រោះដោយគ្មានមូលហេតុ។

ពេលនោះជនរងគ្រោះបានរត់ចូលទៅក្នុងកុដ្ឋិលោក ហើយឈ្មោះ ម៉ើ ថេត ស្រែកគំរាមថាអាញ់ កាប់ហ្អែងឲ្យងាប់ពេលនោះជនរងគ្រោះបានចូលសម្ងំក្នុងកុដ្ឋិលោក ដោយឈ្មោះ ម៉ើ ថេត នៅតែឈរស្រែកឡូឡាខាងក្រៅដោយពុំមានអ្នកណាហ៊ានចូលឃាត់ទេ។

បន្ទាប់មកជនរងគ្រោះក៏បានទូរសព្ទប្តឹងនគរបាលប៉ុស្តិ៍រដ្ឋបាលវិហារសួគ៌ ក៏ចុះមកធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់