ព័ត៌មានជាតិ

តា​លី​បង់​បាន​ព្រមាន​ថា នឹង​ងាក​ទៅ​រក​គោល​នយោបាយ​ចាស់​​ ចំពោះ​សហរដ្ឋអាមេរិក មិន​បញ្ចេញ​មូលនិធិ​ដែល​​បាន​បង្កក

អាហ្វហ្គានីស្ថាន៖ កាលពី​ថ្ងៃ​ចន្ទក្រុម​តា​លី​បង់​បាន​ព្រមាន​ថា ខ្លួន​នឹង​ពិចារណា​ងាក​ទៅ​រក​គោល​នយោបាយ​ចាស់​របស់​ខ្លួន​ ចំពោះ​សហរដ្ឋអាមេរិកបើ​លោក​ប្រធានាធិបតី Joe Biden មិន​ព្រម​លុប​ចោល​ការ​សម្រេចចិត្ត​មិន​ត្រឹមត្រូវ​របស់​លោក ក្នុង​ការ​ផ្ដល់​មូលនិធិ​ ៥០% នៃ​ទំហំ​ទឹកប្រាក់ ​៧​ពាន់​លាន​ដុល្លារ​អាមេរិក​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​បាន​តម្កល់ទុក​នៅ​សហរដ្ឋអាមេរិក​។​សហរដ្ឋអាមេរិក​នឹង​បញ្ចេញ​ទ្រព្យសម្បត្តិ​ពាក់កណ្ដាល​នៃ​ទឹកប្រាក់​ចំនួន ​៧​ពាន់​លាន​ដុល្លារ​អាមេរិកដែល​បាន​បង្ក​ក​នៅ​ធានា​កណ្ដាល​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​សហរដ្ឋអាមេរិក ដើម្បី​ជួយ​ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​កំពុង​តស៊ូ​រស់នៅ​ក្នុង​វិបត្តិ​មនុស្សធម៌ និង​ហើយ​រក្សាទុក​ចំណែក​សេសសល់​ផ្សេង​ទៀត ​ដើម្បី​តម្រូវ​តាម​ពាក្យបណ្ដឹង​ពាក់ព័ន្ធ​នឹង​ភេរវកម្ម​ប្រឆាំង​នឹង​ក្រុម​តា​លី​បង់​។

សេចក្ដីថ្លែង​ការណ៍​ពី​ក្រុម​តា​លី​បង់​បញ្ចេញ​ដោយ​អ្នកនាំពាក្យ​របស់​ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​និយាយ​ថា បើ​សហរដ្ឋ​អាមេរិក​មិន​ព្រម​បោះបង់ចោល​ជំហរ​របស់​ខ្លួន និង​បន្ត​សកម្មភាព​បង្ករឿង​ឥត​ឈប់ឈរ​របស់​ខ្លួន សហភាព​អ៊ីស្លាម​មួយ​នេះ​ក៏​នឹង​បង្ខំចិត្តពិចារណា ​ងាក​ទៅ​រក​ការ​ប្រើ​គោលនយោបាយ​ចាស់​របស់​ខ្លួនដាក់​ប្រទេស​នេះ​វិញ​ដែរ។

​សេចក្ដីថ្លែងការណ៍​ដដែល​បាន​បន្ថែម​ថា សហភាព​អ៊ីស្លាម​មួយ​នេះ​ច្រានចោល​យ៉ាង​ដាច់​ណាត់ ចំពោះ​សកម្មភាព​ខុសច្បាប់​នានា​របស់​លោក Biden ដែល​ជា​ការរំលោភ​សិទ្ធិ​លើ​ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន​ទាំងអស់​។ សេចក្ដីថ្លែងការណ៍​របស់​ក្រុម​តា​លី​បង់​និយាយ​ថា ការវាយប្រហារ​លើ​អគារ​ពាណិជ្ជកម្ម​ពិភពលោក​កាលពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា គ្មាន​អ្វី​ជាប់​ពាក់ព័ន្ធ​នឹង​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ទេ​៕

មតិយោបល់