ព័ត៌មានជាតិ

ជនជាតិចិន២នាក់ ត្រូវកម្លាំងសមត្ថកិច្ច ចាប់ខ្លួនបានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាព ផ្ទុះអាវុធ នៅក្រុងព្រះសីហនុ

ព្រះសីហនុ ៖ ជនជាតិចិនម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ចុះស្រាវជ្រាវចាប់ខ្លួនបានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាព ផ្ទុះអាវុធនៅមុខហាងផឹកស៊ីមួយកន្លែង ។ ចំណែកជនជាតិចិនម្នាក់ទៀត ក៏ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនផងដែរ ដោយជាប់ពាក់ព័ន្ធរក្សាទុកអាវុធជាតិផ្ទុះដោយខុសច្បាប់ ។

សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង៣រសៀល មានប្រជាពលរដ្ឋរាយការណ៍ តាមរយៈទូរស័ព្ទហតឡាញ១១៧ ថា នៅចំណុចផ្លូវឆ្នេរអូរឈើទាល មុខអាហារដ្ឋាន ឈូស័រវ៉ាង ស្ថិតក្នុង ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណី ផ្ទុះអាវុធ មួយបានកើតឡើង បង្កឡើងដោយបុរសជនជាតិចិនម្នាក់ ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងអន្តរាគមន៍ពិសេស ចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវចាប់ខ្លួនជនជាតិចិនបានម្នាក់ ហើយបានដកហូតអាវុធខ្លី ០១ដើម ម៉ាក GLOCK 17 Gen5 ពណ៌ខ្មៅ មានលេខសម្គាល់ៈ FA011030 ,បង់០១ មាន ១១គ្រាប់ ។
សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា បន្ទាប់ពីចាប់ខ្លួនជនជាតិចិនដែលបង្កផ្ទុះអាវុធខាងលើ កម្លាំងសមត្ថកិច្ចដោយមានការចុះដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានបន្តស្រាវជ្រាវ ដល់សណ្ឋាគារ និងកាស៊ីណូ DAXI GANG ស្ថិតនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ នៅបន្ទប់លេខៈ 1913 ជាន់ទី១៩ រហូតឈានដល់ចាប់ខ្លួនជនជាតិចិនម្នាក់ទៀតហើយបានដកហូតអាវុធខ្លី ០២ដើម ទី១-ម៉ាក GOLD CUP ពណ៌ទឹកមាស មានលេខសម្គាល់ៈ K47189 និងបង់០១ មានគ្រាប់ចំនួន ២៨ គ្រាប់ប្រភេទ ៨៣០ ។ ទី២-ម៉ាក ROLO (តូច) គ្មានលេខសម្គាល់ ពណ៌ទឹកប្រាក់ និងគ្រាប់ប្រភេទវ៉ាងឌឺឡុងចំនួន ៤០គ្រាប់ ។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះ ជនសង្ស័យ និងអាវុធខ្លីទាំង ០២ដើមនេះ មិនជាប់ពាក់ព័ន្ធក្នុងករណី ផ្ទុះអាវុធ នៅចំណុចផ្លូវឆ្នេរអូរឈើទាល មុខអាហារដ្ឋាន ឈូស័រវ៉ាង នោះទេ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីសាកសួរនិងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ៕

មតិយោបល់