ព័ត៌មានជាតិ

រថយន្តដឹកទំនិញធុនធ្ងន់មួយគ្រឿង រេចង្កូតបុករនាំងដែកចែកទ្រូងផ្លូវ ជាតិលេខ៥ ដែលទើបស្ថាបនារួច

បាត់ដំបង៖ រថយន្តដឹកទំនិញធុនធ្ងន់មួយគ្រឿង ម៉ាកហ៊ីណូ (HINO) បានរេចង្កូតបុករនាំងដែកចែកទ្រូងផ្លូវ ជាតិលេខ៥​ ដែលទើបស្ថាបនារួច បណ្តាលឲ្យខូចខាតជាច្រើនម៉ែត្រ ប៉ុន្តែមិនបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២៣និង៣០នាទីយប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅត្រង់ចំណុចភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកហ៊ីណូ(HINO) ដឹកទំនិញធុនធ្ងន់ពណ៌ខៀវលាយសមួយគ្រឿង ពាក់ស្លាកលេខខាងមុខភ្នំពេញ 3E-5352 និងកន្ទុយក្រោយ ភ្នំពេញ 4A-5491 (ដឹកអង្ករ)បើកបរតាមបណ្តោយផ្លូវជាតិលេខ០៥ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើសង្ស័យតៃកុងងងុយដេកបានរ៉េចង្កូតមកខាងឆ្វេងដៃបណ្តាលឲ្យឡើងបុករនាំងដែកចែកទ្រូងផ្លូវខូចខាតអស់ជាច្រើនម៉ែត្រ ចំណែករថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើការវាស់វែងនិងកាត់ស្ទូចយករថយន្តខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត បាត់ដំនង ដើម្បីរង់ចាំឲ្យខាងក្រុមហ៊ុនចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ៕

មតិយោបល់