កូរ៉េខាងជើង ប្រារព្ធខួបកំណើតឪពុកលោក គីម ជុងអ៊ុន ដោយមិនមានការធ្វើតេស្ដមីស៊ីល

(សេអ៊ូល)៖ កូរ៉េខាងជើង បានប្រារព្ធខួបកំណើតលើកទី៨០ នៃឪពុកបង្កើតរបស់លោក គីម ជុងអ៊ុន ជាមួយការប្រគុំតន្ត្រី និងការបាញ់កាំភ្លើងធំ អបអរសាទរ នៅក្នុងពិធីដែលរៀបចំឡើងក្នុងទីក្រុងដ៏ពិសិដ្ឋមួយ ដោយមិនមានការធ្វើព្យុហយាត្រាយោធា ឬការបាញ់សាកល្បងមីស៊ីល ដូចសព្វដង នោះទេ។

បើតាម KCNA, មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន, យោធា និង មន្ត្រីមកពីគណបក្សពលករកូរ៉េ បានចូលរួមក្នុងពិធីប្រារព្ធខួបកំណើតឪពុក របស់លោក គឺលោក គីម ជុងអ៊ីល (ស្លាប់) កាលពីថ្ងៃអង្គារសប្ដាហ៍នេះ នៅឯទីក្រុង Samjiyon។

Samjiyon គឺជាទីក្រុងមួយស្ថិតនៅ ក្បែរព្រំដែនចិន និងភ្នំ Paektu ដែលជាភ្នំដ៏ពិសិដ្ឋនៅក្នុងប្រទេសកូរ៉េខាងជើង ហើយវាជារឿងកម្រដែល ទីក្រុងព្យុងយ៉ាង រៀបចំពិធីបែបនេះក្នុងតំបន់ដាច់ស្រយាលមួយនេះ។

លោក គីម ជុងអ៊ុន កំពុងព្យាយាមប្រែក្លាយទីក្រុង Samjiyon ទៅជាតំបន់សេដ្ឋកិច្ចពិសេស តាមរយៈការសាងសង់អាផាតធឺមិនថ្មី, សណ្ឋាគារ, កន្លែង ជិះស្គី, មជ្ឈមណ្ឌលពាណិជ្ជកម្ម, វប្បធម៌ និងមន្ទីរពេទ្យ ជាផ្នែកមួយនៃយុទ្ធសាស្ត្រពឹងផ្អែកលើខ្លួនឯង៕

ប្រភព៖​​​​​​ AFP

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *