ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាឳពុកចុង ចាប់រំលោភកូនស្រីចុង ជាច្រើនដង និងគម្រាមសម្លាប់ នៅបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បញ្ជូនជនសង្ស័យជាឳពុកចុង ដែលបានធ្វើសកម្មភាពចាប់រំលោភកូនស្រីចុង ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ខែកុម្ភ: ឆ្នាំ២០២២ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។ ជនសង្ស័យជាឱពុកចុងឈ្មោះ ខាន់ សាវុធ ភេទប្រុសអាយុ ៤០ ឆ្នាំ នៅភូមិសូភីជើង ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ចំណែកកូនស្រីឈ្មោះ ស វ ស អ អាយុ១៥ឆ្នាំ នៅ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។នៅមុនពេលកើតហេតុជនរងគ្រោះនិងម្តាយ រួមទាំងជនសង្ស័យ កាលពីថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២២ បាននាំគ្នាទៅលេងកូនប្រុសម្នាក់ទៅទៀតដែលបួសនៅវត្ត ភ្នំដី ឃុំតាគង់ ស្រុកម៉ាឡៃ ពេលត្រឡប់មកវិញ ក៏យប់ងងឹតហើយនាំគ្នាសុំផ្ទះរបស់ឈ្មោះប៉ុច ភេទប្រុសអាយុប្រហែល ៤០ឆ្នាំ នៅភូមិគុត្តសត ឃុំគុត្តសត ស្រុក អូរជ្រៅ ស្នាក់នៅមួយយប់ ។

នៅយប់នោះក្រោយពីហូបបាយពេលល្ងាចរួច ម្តាយជនរងគ្រោះបានចេញមកអង្គុយលេងក្រៅផ្ទះ នៅវេលាម៉ោង០៦និង៣០នាទី យប់ថ្ងៃដដែល ជាឱកាសល្អ ជនសង្ស័យបានចូលទៅចាប់ក្មេងស្រីរងគ្រោះក្នុងបំណងរំលោភ តែក្មេងរងគ្រោះស្រែក ពេលនោះម្តាយនាងមកទាន់ក៏កើតរឿងប្រតាយប្រតប់គ្នាហើយជនសង្ស័យក៏បាននិយាយប្រាប់ ម្តាយក្មេងស្រីរងគ្រោះ ដែលជាប្រពន្ធរបស់ខ្លួនថាគេស្រឡាញ់កូនស្រីចុងនេះមានរយ:ពេល០២ឆ្នាំហើយនិងបានរួមរក្សជាច្រើនដងតាំងពីឆ្នាំ២០១៩ មកម្លេះ ពេលលឺដូច្នេះ ម្តាយក្មេងរងគ្រោះក៏បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគុត្តសតនិងឃាត់ខ្លួនជនសង្ស័យមកសួរនាំតែម្ដង ។

ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភកូនស្រីចុងរបស់ខ្លួនពិតប្រាកដមែនតាំងពីឆ្នាំ២០១៩ ជាច្រើនដង បន្ទាប់មកដោយខ្លាចនាងនិយាយរឿងខ្លួនបានរំលោភប្រាប់ម្តាយឬអ្នកជិតខាងនោះ ខ្លួនបានគំរាមថាបើហ៊ាននិយាយខ្លួននិងសម្លាប់ចោលទាំងអស់ ។ចំណែកក្មេងស្រីរងគ្រោះក៏បានបំភ្លឺថា ឪពុកចុងនាងបានចាប់នាងរំលោភរយ:ពេល០២ឆ្នាំហើយ ពេលធ្វើសកម្មភាពម្តងៗតែងតែ គំរាមនាងមិនឲ្យនិយាយប្រាប់នរណាឬម្តាយរបស់នាងឡើយ បើមិនដូច្នោះទេគាត់នឹងសម្លាប់ចោលទាំងអស់គ្នា ។លោកវរសេនីយ៍ឯក ឡាយ គឹមលួន នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានបញ្ជាក់បន្ថែមថា៖ ដោយផ្អែកលើបណ្តឹងម្តាយក្មេងស្រីរងគ្រោះ ការបំភ្លឺពីក្មេងរងគ្រោះនិងចម្លើយសារភាពរបស់ជនសង្ស័យ ។ ជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំ បូងខេត្តបន្ទាយមានជ័យចាត់ការតាមនិតិវិធី ៕

មតិយោបល់