ព័ត៌មានជាតិ

ខេត្តកណ្តាល ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសទី១ ដល់កុមារអាយុ ៣​ឆ្នាំដល់៥ឆ្នាំ

កណ្តាល៖ ខេត្តកណ្តាល ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសទី១ ដល់កុមារអាយុ ៣​ឆ្នាំដល់៥ឆ្នាំ នៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពជាង ១០០កន្លែងនៅទូទាំងខេត្តកណ្តាល នៅថ្ងៃទី២៣ ខែកុម្ភៈនេះ។ ក្នុងថ្ងៃចាក់វ៉ាក់សាំងថ្ងៃដំបូងនេះ អាណាព្យាបាល បាននាំកូនៗទៅចាក់វ៉ាក់សាំង ជាមួយនឹងការអនុវត្តវិធានសុខាភិបាលការពារឆ្លងមេរោគកូវីដ១៩។

សម្រាប់ការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ជូនកុមារអាយុ៣ឆ្នាំដល់៥ឆ្នាំ អាណាព្យាបាលកុមារខ្លះ បានសុំច្បាប់សំរាកពីការងារមួយព្រឹក ខ្លះផ្អាកការប្រកបរកស៊ីមួយព្រឹក ហើយខ្លះរវល់ការងារមិន​អាកខាន ក៏ផ្ញើ​កូន​ផ្ញើចៅ​អោយ​ជីដូន ឬ​សាច់ញាតិ​ជិតខាង​នាំ​កូន​តូច​ទៅ​ចាក់​វ៉ាក់សាំង​ការពារកូវី​ដ១៩​នេះ​ ដោយមិនអាកខានបាន។

ពួកគេលើកឡើងថា ​នៅពេលបច្ចុប្បន្ន ​ប្រជាពលរដ្ឋ ទាំង​អស់គ្នាពិត​ជា​មានជំនឿ​ទុក​ចិត្ត​ខ្លាំង​លើ​ការងារចាក់វ៉ាក់សាំងការពារកូវីដ១៩ ​ បន្ថែមលើការអនុវត្ត​ពាក់ម៉ាស់ ​ឧស្សាហ៍លាងដៃអាកុលជែល រក្សាគន្លាត ដើម្បីទប់ស្កាត់ការឆ្លង ​មេរោគកូវីដ១៩ ​ជាពិសេស​មេរោគបំបែ្លងខ្លួនថ្មីអូមីក្រុង។

សម្រាប់ការចាក់វ៉ាក់សាំងនេះ ប្រជាពលរដ្ឋ ​ក៏ទន្ទឹងរងចាំជាយូរមកហើយសម្រាប់ការចាក់​ជូន​ក្មេងៗអាយុក្រោម៦ឆ្នាំ ​ស្របពេល ​កុមារតូចៗ​ចូល​រៀននៅថ្នាក់មត្តេយ្យទាំងសាលារដ្ឋ និងសាលាឯកជន។

យោងតាមមន្រ្តីសុខាភិបាលនៃមន្ទីរពេទ្យបង្អែកជ័យជំនះ ​ក្រុងតាខ្មៅ សម្រាប់ការចាក់វ៉ាក់សាំងជូន​កុមារតូចដូសទី១នេះគឺ​ យើងអាចចាក់បាន ​ដោយ​គ្រាន់តែ​ អាណាព្យាបាលត្រូវយក សំបុត្រ​កំណើត​កូនតូច​មកជាមួយ​ ដើម្បីអោយក្រុមពេទ្យចុះក្នុងប្រព័ន្ធបញ្ជីតាមទូរសព្ទដៃ ។

សូមបញ្ជាក់ថា បច្ចុប្បន្ន នៅទូទាំងខេត្តកណ្តាល ​មានកុមារអាយុចាប់ពី៣ឆ្នាំ ​ដល់អាយុ៥ឆ្នាំ ដែល​ត្រូវចាក់វ៉ាក់​សំាង​ការពារកូវីដ១៩នេះ ​មានប្រមាណ ៤ម៉ឺន៤០៩៦នាក់ ៕

មតិយោបល់