ភ្នំពេញ ៖ មន្ត្រីនគរបាលពាក់ស័កិ្ត៥ ម្នាក់ ស្រវឹងធ្លាក់ភ្នែកបើករថយន្តមួយគ្រឿង បុ.កយុវជនម្នាក់កំពុងជិះម៉ូតូបណ្ដាលឱ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង ៤និង ១៥នាទីល្ងាចថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ខណ្ឌរាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាប៊ីត ពណ៌ក្រហមលាយស ពាក់ផ្លាកលេខភ្នំពេញ1GX-9598 ធ្វើដំណើរតាមបណ្ដោយផ្លូវ ២០០២ បានបត់ស្ដាំបម្រុងឆ្ពោះទៅផ្លូវ ២០០៤ ក្នុងទិសដៅពីជើងមកត្បូង ខណៈមកដល់ផ្លូវបេតុងមួយកន្លែង ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក LEXUS RX330 ពាក់ផ្លាកលេខភ្នំពេញ 2AY-0120 បើកបរដោយបុរសម្នាក់ជាមន្ត្រីប៉ូលិសពាក់ស័ក្ត៥ បើកបរក្នុងស្ថានភាពស្រវឹងជោកជាំ ក្នុងទិសដៅស្របគ្នា បានជ្រុលចង្កូតទៅបុកយុវជន ដែលកំពុងជិះម៉ូតូនៅខាងមុខ បណ្ដាលឱ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះភ្លាមៗ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលរដ្ឋបាលសង្កាត់អូរបែកក្អម សហការជាមួយនឹងកម្លាំងជំនាញនគរបាលចរាចរខណ្ឌសែនសុខ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការវាស់វែង និងយករថយន្តនិងម៉ូតូអែបខាង ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ និងឲ្យភាគីទាំងសងខាងចរចាគ្នា ដើម្បីបញ្ចប់រឿងដោយភាគីខាងរថយន្ត សងថ្លៃព្យាបាលចំនួន ៥០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង៕
មតិយោបល់