ព័ត៌មានជាតិ

កូរ៉េខាងត្បូងថា នឹងដាក់ទណ្ឌកម្មលើរុស្ស៉ី ជុំវិញការឈ្លានពានអ៊ុយក្រែន

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae in បានប្រកាសថាទីក្រុងសេអ៊ូល នឹងចូលរួមជាមួយប្រទេសផ្សេងៗទៀត ដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងនឹងប្រទេសរុស្ស៊ី ជុំវិញការធ្វើប្រតិបត្តិការយោធាឈ្លានពានប្រទេសអ៊ុយក្រែន។

ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានចេញបញ្ជាឲ្យបើកប្រតិបត្តិយោធាពិសេសមួយ ទៅលើតំបន់ភាគខាងកើត (អ៊ុយក្រែន) កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ។

តាមរយៈកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង ក្នុងថ្ងៃព្រហស្បតិ៍នេះ លោក Moon បានសង្កត់ធ្ងន់ថា អធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដីនៃប្រទេសអ៊ុយក្រែន ត្រូវតែទទួលបានការគោរព ហើយការប្រើកម្លាំងយោធា ដែលបង្កផលប៉ះពាល់ដល់អាយុជីវិតជនស្លូតត្រង់ គឺមិនអាចត្រូវបានចាត់ទុកថា ជារឿងត្រឹមត្រូវនោះឡើយ ទោះស្ថិតក្នុងករណីណាក៏ដោយ៕

ប្រភព៖ Reuters

មតិយោបល់