ព័ត៌មានជាតិ

Elon Musk បញ្ជូនផ្កាយរណបទៅផ្គត់ផ្គង់អ៊ីនធឺណិតដល់អ៊ុយក្រែន ខណ:កំពុងរងការវាយប្រហារពីរុស្ស៊ី

ក្នុងសារឆ្លងឆ្លើយតាមបណ្តាញ Twitter មហាសេដ្ឋីអាមេរិកបានអះអាងថា ផ្កាយរណប Starlink ដែលគ្រប់គ្រងដោយក្រុមហ៊ុន SpaceX នោះបានដំណើរការនៅអ៊ុយក្រែនរួចរាល់ហើយ ដើម្បីផ្តល់សេវាអ៊ីនធឺណិតដល់ប្រជាជនអ៊ុយក្រែន។

ការឆ្លើយតបនេះកើតឡើង បន្ទាប់ពីរដ្ឋមន្ត្រីអ៊ុយក្រែនទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល លោក Mykhailo Fedorov បានស្នើចំៗទៅលោក​ Elun Musk ឱ្យជួយផ្តល់ការគាំទ្រលើបញ្ហាអ៊ីនធឺណិតតាមរយៈការប្រើប្រាស់ផ្កាយរណប Starlink នេះដែរ។

«ក្នុងពេលដែលលោកព្យាយាមកាន់កាប់ភពអង្គារ រុស្ស៊ីកំពុងព្យាយាមកាន់កាប់អ៊ុយក្រែន។ ស្របពេលដែលកាំជ្រួចរបស់លោកចុះមកដល់ភពផែនដីដោយជោគជ័យពីអវកាស គ្រាប់រ៉ុក្កែតរុស្ស៊ីស្រោចលើជនស៊ីវិលនៅអ៊ុយក្រែន!»។ រដ្ឋមន្រ្តីរូបអ៊ុយក្រែនសរសេរបែបនេះក្នុងគណនី Twitter របស់ខ្លួន។

តាមពិតទៅ បណ្តាញអ៊ីនធឺណិតនៅអ៊ុយក្រែនជាពិសេសនៅភាគខាងជើង និងភាគខាងត្បូងរងផលប៉ះពាល់ខ្លាំងចាប់ពីរុស្ស៊ីចូលឈ្លានពាននៅថ្ងៃ ២៤ កុម្ភៈ។ ដូច្នេះហើយបណ្តាញទំនាក់ទំនងភាគច្រើនប្រឈមនឹងការកាត់ផ្តាច់។ ប៉ុន្តែការបញ្ជូនផ្កាយរណបផ្គង់ផ្គង់សេវាអ៊ឺនធឺណិតចូលទៅអ៊ុយក្រែននៅពេលនេះអាចជួយឱ្យប្រជាជនអ៊ុយក្រែនមានលទ្ធភាពប្រើប្រាស់​ជាពិសេសនៅតំបន់ ដាច់ស្រយាល និងមិនមានសេវាអ៊ីនធឺណិតប្រើប្រាស់ថែមទៀត។

 

មតិយោបល់