សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិក និងអង្គការណាតូកាលពីថ្ងៃអាទិត្យបានថ្កោលទោស បទបញ្ជារបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ក្នុងការត្រៀមកម្លាំងនុយក្លេអ៊ែររបស់លោកក្នុងកម្រិតខ្ពស់ថា ជារឿងគ្រោះថ្នាក់ និងជាទង្វើមិនអាចទទួលយកបាន ខណៈដែលសេតវិមានបាននិយាយថា ខ្លួននឹងមិនរុញរាក្នុងការដាក់ទណ្ឌកម្មថ្មីលើវិស័យថាមពលរបស់រុស្ស៊ីនោះទេ។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី Linda Thomas-Greenfield បានប្រាប់កម្មវិធី Face the Nation របស់ទូរទស្សន៍ CBS ថា សកម្មភាពរបស់លោក Putin បានធ្វើឲ្យជម្លោះរីកកាន់តែធំ និងជាទង្វើមិនអាចទទួលយកបានឡើយ។ លោកស្រី Thomas-Greenfield បាននិយាយថា សហរដ្ឋអាមេរិកកំពុងបន្តសម្លឹងរកការចាត់វិធានការថ្មីៗ និងកាន់តែធ្ងន់ធ្ងរជាងមុនប្រឆាំងនឹងរុស្ស៊ី។ កាលពីថ្ងៃអាទិត្យម្សិលមិញនេះដែរ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអំពាវនាវ ឲ្យមានសម័យប្រជុំបន្ទាន់ពិសេសមួយនៃមហាសន្និបាតដែលមានសមាជិក ១៩៣ប្រទេសស្ដីពីការឈ្លានពានរបស់រុស្ស៊ីដែលនឹងធ្វើឡើងនៅថ្ងៃចន្ទនេះ ខណៈសម្ព័ន្ធមិត្តលោកខាងលិចបង្កើនយុទ្ធនាការការទូត ដើម្បីធ្វើឲ្យក្រុងមូស្គូឯកាពីពិភពលោក៕



មតិយោបល់