ព័ត៌មានជាតិ

New York Times៖ សហរដ្ឋអាមេរិក មានផែនការបញ្ជូនរថក្រោះសល់ពីសូវៀត ឱ្យអ៊ុយក្រែន,

(វ៉ាស៊ីនតោន)៖ សារព័ត៌មានអាមេរិក New York Times នៅថ្ងៃសុក្រសប្ដាហ៍នេះបានរាយការណ៍ថាទីក្រុងវ៉ាស៊ីនតោន នឹងសហការជាមួយ សម្ព័ន្ធមិត្តដើម្បីប្រគល់រថក្រោះសល់ពីអតីតសម័យសហភាពសូវៀតទៅឱ្យអ៊ុយក្រែន យកទៅពង្រឹងសមត្ថភាពយោធាការពារទឹកដីរបស់ខ្លួន នៅក្នុងតំបន់ដុនបាស់ (Donbas)។

ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីអាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ New York Times បានឱ្យដឹងទៀតថាការបញ្ជូន រថក្រោះខាងលើទៅឱ្យអ៊ុយក្រែន អាចនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ តបតាមការស្នើសុំរបស់លោក ហ្សេលេនស្គី។ ប៉ុន្តែ មន្ត្រីរូបនេះដដែល មិនបានបញ្ជាក់ថាតើនឹងមានរថក្រោះប៉ុន្មានគ្រឿងត្រូវបញ្ជូនទៅឱ្យអ៊ុយក្រែន ហើយថាតើមានប្រទេសណាខ្លះដែលចូលរួមក្នុងផែនការ នេះនោះទេ។ ចំណែកឯ មន្ទីរបញ្ចកោណក៏មិនបានធ្វើអត្ថាធិប្បាយអ្វីនៅឡើយដែរ។

មន្ត្រីអាមេរិកខាងលើ បន្ថែមថារថក្រោះអាចនឹងជួយឱ្យអ៊ុយក្រែនមានសមត្ថភាពវាយប្រហារក្នុងរយ:ចម្ងាយឆ្ងាយលើកងទ័ពរុស្ស៊ី នៅក្នុងតំបន់ដុនបាស់ នៃភាគអាគ្នេយ៍ប្រទេសអ៊ុយក្រែន ដែលជាប់ព្រំដែនរុស្ស៊ី។ ម្យ៉ាងវិញទៀត បើក្លាយជាការពិតមែន នោះវាគឺជាលើកដំបូង បំផុតដែលសហរដ្ឋអាមេរិក បញ្ជូនរថក្រោះឱ្យអ៊ុយក្រែន ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភ:មក៕

ប្រភព៖​ Reuters

មតិយោបល់