ព័ត៌មានជាតិ

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀន បង្ក្រាបជនសង្ស័យចំនួន០៣នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

កណ្តាល: នៅវេលាម៉ោង១៦និង១៥នាទីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀន បង្ក្រាបជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនសង្ស័យចំនួន០៣នាក់៖ ១-ឈ្មោះ លុច-សាវឿន ភេទប្រុស អាយុ ៥៣ ឆ្នាំ រស់នៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ មុខរបរកម្មករសំណង់ (ឃាត់ខ្លួន) ។ ២-ឈ្មោះ ធី-សុខខឿន ភេទស្រី អាយុ ៤០ ឆ្នាំ រស់នៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ មុខរបរលក់បន្លែ (ឃាត់ខ្លួន) ។ ៣-ឈ្មោះ ណុប-ធឿង ភេទស្រី អាយុ ៦២ ឆ្នាំ រស់នៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ មុខរបរលក់ដូរ (ឃាត់ខ្លួន) ។

វត្ថុតាងចាប់យករួមមាន៖ -ម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ចំនួន០២គ្រឿង, ០១គ្រឿងស៊េរីឆ្នាំ២០០៣ ពាក់ស្លាកលេខភ្នំពេញ ១AB២៣៣៧
១គ្រឿងទៀតស៊េរីឆ្នាំ២០០៦ គ្មានស្លាកលេខ ។ -ម្សៅក្រាពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ៤៨ កញ្ចប់ ។

សភាពនៃរឿងហេតុ៖ នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលព័ត៌មាន ពីប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ថា នៅមុខតូបលក់ដូររបស់ឈ្មោះ ណុប-ធឿង ភេទស្រី នៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មានលេងល្បែងស៊ីសង (បៀរ) និងចែកចាយគ្រឿងញៀនជាប្រចាំ ទើបលោកអធិការបានបញ្ជា ឲ្យលោកអនុសេនីយ៍ឯក ម៉េន-ប៊ុនហាក់ អធិការងដឹកនាំកម្លាំងចុះទៅគោលដៅ លេងល្បែងស៊ីសង និងចែកចាយគ្រឿងញៀននោះ ។

លុះពេលទៅដល់កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនអ្នកលេងល្បែងបានចំនួន០៥នាក់ ហើយប្រមូលវត្ថុតាងគ្រឿញៀន ដែលទំលាក់ចោលទៅដី នៅកន្លែងលេងល្បែងនោះ បានចំនួន៣០កញ្ចប់ ។

រួចរាយការណ៍ជូនលោកអធិការសុំធ្វើការឆែកឆេរផ្ទះឈ្មោះ ធី-សុខខឿន ដែលនៅលេងល្បែងដែរ បានរកឃើញថ្នាំញៀនចំនួន០៦កញ្ចប់ លាក់ទុកក្នុងមួកនិងឆែកផ្ទះឈ្មោះ ណុប-ធឿង រកឃើញថ្នាំញៀនចំនួន១២កញ្ចប់ លាក់ទុកនៅក្នុងធុងខោអាវ ។ រួចលោកអធិការងបានរាយការណ៍ ជូនលោកអធិការនាំជនសង្ស័យទាំង០៣នាក់ យកមកផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីសួរនាំ ។

នៅចំពោមុខសមត្ថកិច្ចឈ្មោះ ធី-សុខខឿន បានឆ្លើយប្រាប់សមត្ថកិច្ចថា ថ្នាំញៀនចំនួន០៦កញ្ចប់ ដែលសមត្ថកិច្ចឆែករកឃើញ នៅក្រោមមួកជារបស់ប្តីខ្លួនឈ្មោះ លុច-សាវឿន ។ ហើយឈ្មោះ លុច-សាវឿន បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ថ្នាំញៀនចំនួន០៦កញ្ចប់នេះ ជារបស់ខ្លួនដែលបានទិញពីមនុស្សប្រុសម្នាក់ មិនស្គាល់ឈ្មោះនៅម្តុំបឹងត្របែកក្នុងតម្លៃ៥០,០០០រៀល (ប្រាំម៉ឺនរៀល) ពិតប្រាកដមែន ។ ហើយថ្នាំញៀចំនួន១២កញ្ចប់ ដែលសមត្ថកិច្ចឆែករកឃើញ នៅក្នុងតូបលក់របស់ឈ្មោះ ណុច-ធឿង ដែលលាក់ទុកនៅក្នុងធុងខោអាវនោះឈ្មោះ ណុច-ធឿង មិនព្រមឆ្លើយសារភាពឡើយ ។

ចំណែកថ្នាំញៀនចំនួន៣០កញ្ចប់ដែលបោះចោលទៅលើដីនៅក្នុងរង្វង់សមត្ថកិច្ចប្រតិបត្តិការ បង្ក្រាបល្បែងស៊ីសងឃាត់បានមនុស្សចំនួន០៥នាក់នោះយោងតាមចម្លើយរបស់ឈ្មោះ ថៃ-បុរី បានឆ្លើយប្រាប់សមត្ថកិច្ចថា ជាថ្នាំរបស់ឈ្មោះ ធី-សុខខឿន នៅពេលសមត្ថកិច្ចចុះមកហើយឈ្មោះ ធី-សុខខឿន បោះចោលទៅលើដីជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់