ព្រះសីហនុៈ បុរសអ្នកជិះម៉ូតូម្នាក់បានស្លាប់នៅនឹងកន្លែង ដោយគ្រោះថ្នាក់ចរាចរណ៍កាលពីម៉ោងជាង ១០យប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ត្រង់ចំណុចលើចំណោតអូរត្រាវ ស្ថិតក្នុងភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ បន្ទាប់ពីជនរងគ្រោះជិះម៉ូតូបុកពីក្រោយរថយន្តដឹកសម្រាម ដែលខូចចតស្ងៀមនៅចិញ្ចើមផ្លូវតាមផ្លូវស្របទិសគ្នាចេញពីក្រុងព្រះសីហនុ។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះជិះម៉ូតូធំម៉ាក XR230 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HK-6543 ឈ្មោះ ញ៉ុល សារឿន ហៅ ម៉ា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកផ្នែកសង្គ្រោះអគ្គិភ័យ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ស្រុកកំណើត ភូមិចំបក់ ឃុំចេក ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅ ក្រុម៦ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ បើកបរក្នុងទិសដៅចេញពីក្រុងព្រះសីហនុ បានបុកពីក្រោយរថយន្ត ០១គ្រឿងម៉ាក DAEWOO ពណ៌ខៀវ គ្មានស្លាកលេខ របស់ក្រុមហ៊ុនប្រមូលសម្រាម ខូចចតនៅលើចិញ្ចើមផ្លូវ (ពុំមានអ្នកបើកបរ នៅលើរថយន្ត)។
ចំពោះវត្ថុតាង រថយន្ត និងម៉ូតូខាងលើ នគរចរាចរណ៍បានចាត់ចែងយកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយបន្ត៕
មតិយោបល់