(កៀវ)៖ អ៊ុយក្រែនបាននិយាយថារុស្ស៉ីបានចាប់ផ្ដើមវាយលុកលើតំបន់ភាគខាងកើតនៃប្រទេសហើយ ដោយស្នូរផ្ទុះជាច្រើនលាន់ឮនៅតាម បណ្ដោយសមរភូមិទាំងអស់ រួមទាំងតំបន់ជាច្រើនទៀតផងដែរ។
នៅក្នុងសុន្ទរកថាជាវីដេអូមួយ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងថារុស្ស៉ីបានចាប់ផ្ដើមវាយយកតំបន់ដុនបាស់ (Donbas) នៃភាគខាងកើតប្រទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ហើយកងទ័ពរុស្ស៉ីមួយភាគធំកំពុងផ្តោត លើការវាយលុកនេះដែលជាដំណាក់កាលទី២នៃសង្រ្គាមអ៊ុយក្រែន។
តែទោះជាយ៉ាងណាក៏ដោយ លោក ហ្សេលេនស្គី នៅតែអំពាវនាវឱ្យប្រជាជនអ៊ុយក្រែនជឿទុកចិត្តលើសមត្ថភាពកងទ័ពអ៊ុយក្រែន។ លោកបានសង្កត់ធ្ងន់ដូច្នេះថា «មិនថារុស្ស៉ីបញ្ជូនកងទ័ពប៉ុន្មាននាក់ទៅកាន់ទីនោះនោះទេ, យើងនឹងតស៊ូប្រយុទ្ធ។ យើងនឹងការពារទឹកដីរបស់យើង»។
បើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន, ស្នូរផ្ទុះជាច្រើនបានលាន់ឮជាបន្តបន្ទាប់ នៅតាមបណ្ដោយសមរភូមិទាំងអស់នៅក្នុងតំបន់ ដូណេត ក្នុងនោះរួមមានទីក្រុង ម៉ារីនកា (Marinka), ស្លាយ៉ាន់ (Slavyansk) និងក្រាម៉ាទ័ស (ramatorsk)៕
ប្រភព៖ Reuters
មតិយោបល់