ព័ត៌មានជាតិ

សហរដ្ឋអាមេរិក អង់គ្លេស និងកាណាដា សន្យាផ្ដល់កាំភ្លើងធំឱ្យអ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ មេដឹកនាំសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងកាណាដាបានសន្យាថានឹងបញ្ជូនកាំភ្លើងធំបន្ថែមទៅឱ្យអ៊ុយក្រែន ដែលកំពុងប្រឈមមុខនឹងការវាយលុកសាជាថី្មពីសំណាក់កងទ័ពរុស្ស៉ី នៅឯតំបន់ភាគខាងកើតនៃប្រទេស។

រុស្ស៉ីក៏ធ្លាប់បានផ្ញើកំណត់ទូតផ្លូវការទៅកាន់សហរដ្ឋអាមេរិកផងដែរ ដើម្បីបង្ហាញការជំទាស់ទៅនឹងការផ្ដល់អាវុធឱ្យ អ៊ុយក្រែន ជាមួយការព្រមានពីផលវិបាកធ្ងន់ធ្ងរមិនអាចស្មានបាន បើវ៉ាស៊ីនតោន និង NATO នៅតែបន្តបញ្ជូនអាវុធឱ្យទីក្រុងកៀវ។

ការសន្យាខាងលើធ្វើឡើង នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូកាលពីថ្ងៃអង្គារសប្ដាហ៍នេះដែលមានការចូលរួមពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន, នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន និងនាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ឌ្រូដូ ព្រមទាំងមេដឹកនាំ នៃប្រទេសជាសម្ព័ន្ធមិត្តជាច្រើនរូបទៀត។

លើសពីនេះទៅទៀត បើតាមប្រភពជាច្រើនពីក្រុមមន្ត្រីអាមេរិក, លោក ចូ បៃដិន ក៏ត្រូវបានគេរំពឹងដែរថានឹងប្រកាសនៅប៉ុន្មានថ្ងៃ ខាងមុខនេះ ពីការផ្ដល់ជំនួយយោធាបន្ថែម ដែលមានទំហំទឹកប្រាក់ប្រហែលនឹងជំនួយយោធា ៨០០លានដុល្លារដែលរដ្ឋបាលរបស់ លោកប្រកាសផ្ដល់ឱ្យអ៊ុយក្រែនកាលពីសប្ដាហ៍មុន។

ប្រសិនបើជំនួយយោធាថ្មីនេះត្រូវបានប្រកាសមែន នោះវានឹងធ្វើឱ្យកញ្ចប់ ជំនួយយោធាដែលអាមេរិកផ្ដល់ឱ្យអ៊ុយក្រែនកើនដល់ជាង ៣ពាន់លានដុល្លារ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក៕

ប្រភព៖​​​​​​ Reuters

មតិយោបល់