ព័ត៌មានជាតិ

រថយន្តឡង់គ្រីស័រ ពាក់ស្លាកលេខរដ្ឋ បុកបង្គោលភ្លើងបណ្តាលឲ្យបាក់ និងខ្ទេចផ្នែកខាងមុខស្ទើរទាំងស្រុង

ភ្នំពេញៈ នៅវេលាម៉ោង១២និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ជនមិនស្គាល់អត្តសញ្ញាណម្នាក់ បើករថយន្ត មួយគ្រឿងម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខរដ្ឋ 19 2.0063 បានជ្រុលចង្កូតទៅបុកបង្គោលភ្លើង បណ្តាលឲ្យបាក់រងការខូខចខាត ចំណែករថយន្តបង្កនោះ ក៏បានខ្ទេចផ្នែកខាងមុខស្ទើរទាំងស្រុង ក្នុងហេតុការណ៍នេះ មានមនុស្សចំនួន០៤នាក់ បានរងគ្រោះថ្នាក់ធ្ងន់ស្រាល ទីតាំងស្ថិតនៅក្បែរវត្តឫស្សីសាញ់ តាមបណ្តោយផ្លូវ ៥០ ម៉ែត្រ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំ ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខរដ្ឋ 19 2.0063 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ។ បើកបរធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រ ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុ ចកើតហេតុ ស្រាប់តែរថយន្តបង្កហេតុខាងលើនោះ បានរេងចង្កូតជ្រុលទៅបុកបង្គោលភ្លើងបាក់មួយដើម បណ្តាលឲ្យរងការខូចខាត ។ ចំណែកឯរថយន្តបង្កហេតុនោះវិញ ខ្ទេចផ្នែកខាងមុខឡើងរួញ បណ្តាលឲ្យខូចខាតស្ទើរទាំងស្រុងតែម្តង ។

បុរសម្នាក់ដែលបានឃើញហេតុការណ៍នេះ បាននិយាយប្រាប់ក្រុមការងារនៃអង្គភាពសារព័ត៌មានPost News យើងខ្ញុំឲ្យដឹងដូច្នេះថា បន្ទាប់ពីកើតហេតុ គាត់បានឃើញបុរសចំនួន០៤នាក់ បានដើរចាកចេញពីកន្លែងរថយន្តបង្កហេតុនោះ ហើយឃើញមានអ្នករងរបួស ផងដែរ ។ ប៉ុន្តែអ្នករងរបួសទាំងនោះ ប្រហែលជាមិនធ្ងន់ធ្ងរនោះទេ ។

ដោយឡែកបុរសម្នាក់ទៀត ក៏បានរៀបរាប់ប្រាប់ឲ្យក្រុមការងារយើងខ្ញុំដឹងដែរថា គាត់ជាអ្នករត់ម៉ូតូកង់បី គាត់បានឃើញបុរស០២នាក់ ដើរសំដៅមករកគាត់ដើម្បីឡើងជិះម៉ូតូកង់បីរបស់គាត់ ប៉ុន្តែពេលនោះរូបគាត់ស្មានថាបុរសទាំងនោះដើរចេញពីក្នុងបុរីមួយកន្លែង មិនដឹងថាជាអ្នកដើរចេញពីកន្លែងរថយន្តកើតហេតុនោះទេ ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ក្រុមការងារនៃអង្គភាពសារព័ត៌មានPost News យើងខ្ញុំមិនទាន់មានប្រភពណា បញ្ជាក់ប្រាប់ឲ្យដឹងពីមូលហេតុ នៃករណីគ្រោះថ្នាក់ចរាចរណ៍នេះ ឲ្យពិតប្រាកដនូវឡើយ ។ រីឯអ្នកជិះនៅក្នុងរថយន្តបង្កហេតុនោះវិញ អ្នកខ្លះថាមានគ្នាចំនួន០៤នាក់ រីឯអ្នកខ្លះទៀតថាមានគ្នាចំនួន០២នាក់ ។ ចំពោះអ្នករងគ្រោះនោះវិញ តាមអ្នកឃើញហេតុការណ៍ថា រងរបួសចំនួ០២នាក់ ក្នុងនោះមានតៃកុងដែលជាអ្នកបើកបររថយន្តនោះ បានរងរបួសត្រង់ផ្នែកក្បាលបន្តិចបន្តួចផងដែរ ។

បន្ទាប់ពីកើតហេតុរួចភ្លាមៗនោះ ក្រុមការងារយើងខ្ញុំ ពុំទាន់ឃើញមានវត្តមានកម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋានផ្នែកចរាចរណ៍ នៃប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃស ក៏ដូចជាមន្រ្តីនគរបាលជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចុះមកអន្តរាគមន៍នូវឡើយ ។

សូមបញ្ជាក់ថាៈ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ។ ទិដ្ឋភាពដែលក្រុមការងារយើងខ្ញុំបានចុះទៅដល់ទីតាំងកន្លែងកើតហេតុ បានឃើញសភាពរងការខូចខាត នៃរថយន្តបង្កហេតុនោះ គឺឡើងខ្ទេចផ្នែកខាងមុខឡើងរួចចូលគ្នា ខូចខាតស្ទើរទាំងស្រុង ។ ចំណែកឯបង្គោលភ្លើងនោះវិញ ក៏បានបាក់ដាច់ផងដែរ ប៉ុន្តែវាបានជាប់ខ្សែភ្លើង ម៉្លេះបង្គោលភ្លើងមួយនេះ វានឹងបាក់ធ្លាក់មកដល់ដីជាមិនខាននោះឡើយ ៕

មតិយោបល់