កងទ័ពរុស្ស៉ី វាយយកបានទីក្រុងដំបូង នៅភាគខាងកើតអ៊ុយក្រែន

(កៀវ)៖ កងទ័ពរុស្ស៉ីបានវាយដណ្ដើមបានទីក្រុង ក្រេមីនណា (Kreminna) នៃតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន ហើយកងទ័ពអ៊ុយក្រែនក៏បានដកថយចេញពីទីក្រុងនេះដែរ។

Kreminna ដែលមានប្រជាជនរស់នៅច្រើនជាង ១៨,០០០នាក់ នៅមុនសង្រ្គាមជាមួយរុស្ស៉ីផ្ទុះឡើង គឺជាទីក្រុងដំបូងគេ បំផុត ដែលត្រូវកងទ័ពរុស្ស៉ីវាយយកបាន ចាប់តាំងពីម៉ូស្គូចាប់ផ្ដើមដំណាក់កាលពី២ នៃសង្រ្គាមដោយផ្ដោតលើតំបន់ដុនបាស់ នៃភាគខាងកើតអ៊ុយក្រែន។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅថ្ងៃអង្គារសប្ដាហ៍នេះ អភិបាលអ៊ុយក្រែននៃតំបន់លូហាន (Luhansk) លោក ស៊ែរហ៊ី ហ្គៃដៃ (Serhiy Gaidai) បានបញ្ជាក់ដូច្នេះថា «ទីក្រុង Kreminna បានធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់កងទ័ពរុស្ស៉ី ដោយពួកគេ បានចូលក្នុងទីក្រុងនេះ។ ចំណែកឯ កងទ័ពរបស់យើងបានដកថយ ដើម្បីត្រៀមខ្លួន និងបន្តប្រយុទ្ធជាមួយកងទ័ពរុស្ស៉ី»។

អភិបាលតំបន់រូបនេះ មិនបានបញ្ជាក់លម្អិតថាតើកងទ័ពរុស្ស៉ីវាយគ្រប់គ្រងទីក្រុង Kreminna តាំងពីពេលណាមកនោះទេ ដោយគ្រាន់តែឱ្យដឹងថាកងទ័ពរុស្ស៉ីបានបើកការវាយលុកមកពីគ្រប់ទិស៕

ប្រភព៖​​​​​​ Reuters

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *