ព័ត៌មានជាតិ

សង្ស័យរថយន្តស៊េរីទំនើបបុករត់ បណ្តាលឲ្យម៉ូតូស្កុពី១គ្រឿងដាច់ជាពីរកំណាត់ ស្លាប់ប៉ូលិសម្នាក់ និងម្នាក់ទៀតរបួសធ្ងន់

ភ្នំពេញ: នៅវេលាម៉ោង០៣និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង សង្ស័យរថយន្តម៉ាក សឺដេស ស៊េរីទំនើប មួយគ្រឿង បើកបរបុកម៉ូតូស្កុពីមួយគ្រឿងដាច់ជាពីរកំណាត់ បណ្ដាលឲ្យមន្ត្រីប៉ូលិសម្នាក់ស្លាប់ និងជាងកាត់សក់ម្នាក់ទៀតរងរបួសធ្ងន់ ទីតាំងស្ថិតត្រង់ម្តុំស្តុបផ្សារដេប៉ូ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញបុរស២នាក់ ជិះម៉ូតូស្កុពី១គ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវ១ខ្សែ ។ ពេលបើកបរមក ដល់ត្រង់ចំណុចកើតហេតុម្តុំស្តុបផ្សារដេប៉ូ ស្រាប់តែមានរថយន្ត១គ្រឿងបើកបរមកយ៉ាងលឿន បើតាមការបញ្ជាក់ឲ្យដឹងពីអ្នកឃើញ ហេតុការណ៍បានប្រាប់ឲ្យដឹងថា រថយន្តបង្កហេតុម៉ាកសឺដេស បានបើកបុកម៉ូតូជនរងគ្រោះពេញទំហឹង បានដាច់ចេញពីគ្នាជាពីរកំ ណាត់ បណ្តាលឲ្យបុរសចំនួន០២នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ។

ជនរងគ្រោះខាងលើនោះ មានមន្រ្តីប៉ូលិសម្នាក់បានស្លាប់ នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតជាជាងកាត់សក់ បានរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តពេទ្យមកដឹកយកទៅសង្រ្គោះ ។ ចំណែករថយន្តបង្កហេតុ បន្ទាប់ពីកើតហេតុភ្លាមៗ បានបើករត់គេចខ្លួនបាត់ស្រមោល ចេញពីកន្លែងកើតហេតុ ដោយសុវត្ថិភាព ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះទៅអន្តរាគមន៍ ។ បន្ទាប់មកម៉ូតូជនរងគ្រោះ ត្រូវបានយកទៅរក្សាទុកជាបណ្តោះអាសន្ន នៅខាងការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីនឹងស្វែងរកម្ចាស់រថយន្តបង្កហេតុខាងលើនោះ នាំខ្លួនយកមកផ្តន្ទាទោស ទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់