ភ្នំពេញៈ កាលពីវេលាម៉ោង ៤និង១០នាទីទៀបភ្លឺឈានចូលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពី បុរសម្នាក់ជាជនជាតិចិនមិនបានសម្រេច រួចជិះរត់គេចខ្លួនទៅបុករថយន្តមួយគ្រឿង បណ្តាលដួលត្រូវសមត្ថកិច្ចចាប់បានភ្លាមៗ ហេតុការណ៍នេះ ស្ថិតតាមបណ្តោយផ្លូវច្រកចូលស្ពានឥន្ធនូកោះពេជ្រ ទល់មុខវិមានកូលាបស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យទី១មានឈ្មោះ សាន្ត ស៊ិនសិលា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី១២ សាលាវិទ្យាល័យច្បារអំពៅ រស់នៅភូមិបឹងព្រលិត សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ជាអ្នកឌុប។ ទី២មានឈ្មោះ តេន ប៊ុនថូ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី១២ នៅសាលាវិទ្យាល័យទួលទំពូង រស់នៅភូមិឃុំជាមួយគ្នា។
ជនរងគ្រោះជាជនជាតិចិនមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។
ដំណើររឿង៖ យោងតាមប្រភពពីសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌចំការមន រួមកម្លាំង ប៉ុស្តិ៏នគរបាលរដ្ឋបាលទន្លេបាសាក់ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់ជិះម៉ូតូល្បាតក្នុងភូមិសាស្រ្ត ដែលមានជនបរទេសរស់នៅច្រើន ក្នុងគោលបំណងបង្ការនិងបង្រ្កាបរាល់បទល្មើសផ្សេងៗ លុះមកដល់ចំណុចកើតហេតុ ឃើញមានជនជាតិចិនម្នាក់កំពុងឈរនិយាយទូរស័ព្ទ ស្រាប់តែលេចមុខជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសង់ប៊ិច ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BM-5983 ជិះមកពីក្រោយរួចធ្វើសកម្មភាពឆក់ទូរសព្ទ័ម៉ាក OPPO មួយគ្រឿង ដែរជនរងគ្រោះកំពុងនិយាយមិនបានសម្រេច បណ្តាលឲ្យជ្រុះពីដៃ ហើយជនរងគ្រោះស្រែកឆោឡោឡើង រួចក៏រើសទូរស័ព្ទមកវិញ ដើរចេញទៅទិសខាងត្បូងបាត់ទៅ។ ចំណែកជនសង្ស័យនាំគ្នាជិះម៉ូតូគេចខ្លួនភ្លាមៗ ខណៈពេលនោះសមត្ថកិច្ចជិះម៉ូតូដេញពីក្រោយ តាំងពីចំណុចកើតហេតុខាងលើ រហូតដល់មាត់ទន្លេក្រុងតាខ្មៅ ជនសង្ស័យមានការភ័យស្លន់ស្លោក ជិះម៉ូតូទៅបុក រថយន្តមួយគ្រឿងមិនចាំម៉ាកបណ្តាលឲ្យជួលត្រូវបានសមត្ថកិច្ចចាប់បាន។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវសមត្ថកិច្ចបញ្ជូនខ្លួន ទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋាបាលទន្លេបាសាក់ រួចបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
មតិយោបល់