សុខភាព៖ តើអ្នកឧស្សាហ៍ភ្លេចមែនទេ? ហើយតើអ្នកភ្លេចញឹកញាប់ដែរទេ ឬម្តងម្កាល? មនុស្សយើងម្នាក់ៗ មិនថាចាស់ឬក្មេងទេ គឹសុទ្ធតែត្រូវប្រឈមមុខនឹងការបាត់បង់ការចងចាំម្តងម្កាល។ តែទោះជាយ៉ាងណាក៏ដោយ ការភ្លេចតិចតួចមិនជាបញ្ហាទេ តែកុំឲ្យភ្លេចញយដង ពីព្រោះបើកើតឡើងញឹកញាប់ពេក វានឹងបង្កផលប៉ះពាល់ ហើយធ្វើឲ្យខាតបង់ប្រយោជន៍ជាច្រើន។ ដូច្នេះដើម្បីបញ្ចៀសពីបញ្ហាទាំងអស់នេះ ប្រាំពីរចំណុចខាងក្រោមនេះគឺជាវិធីសាស្ត្រល្អបំផុតសម្រាប់អ្នក។
១៖ កំណត់កាលវិភាគសម្រាប់ការធ្វើលំហាត់ប្រាណ៖ ការធ្វើលំហាត់ប្រាណជួយបង្កើនលំហូរឈាមទៅកាន់រាងកាយទាំងមូលរបស់អ្នក ដោយរួមបញ្ចូលទាំងខួរក្បាលរបស់អ្នកផងដែរ ហើយវាអាចជួយរក្សាការចងចាំរបស់អ្នកឲ្យនៅល្អ។
២៖ រក្សាសកម្មភាពផ្លូវចិត្តឲ្យនៅសកម្ម៖ ដូចសកម្មភាពរាងកាយរបស់អ្នកដែរ ការរក្សាសកម្មភាពផ្លូវចិត្តរបស់អ្នកឲ្យនៅសកម្ម គឺពិតជាសំខាន់និងមានប្រយោជន៍ដល់ការចងចាំរបស់អ្នក ពីព្រោះវាអាចជួយរក្សាខួរក្បាលរបស់អ្នក ឲ្យនៅនឹងល្អ និងជួយទប់ការកើនឡើងនៃការបាត់បង់ការចងចាំ។ ឧទាហរណ៍៖ អ្នកអាចសាកល្បងធ្វើចំណោទលេង ឬ រៀនបង្កើតគម្រោងអ្វីមួយដែលថ្មីជាដើម។
៣៖ រក្សាទំនាក់ទំនងសង្គមឲ្យនៅថេរ៖ ការមានទំនាក់ទំនងល្អនៅក្នុងសង្គម អាចជួយការពារអ្នកពីជម្ងឺបាក់ទឹកចិត្ត និងភាពតានតឹងបាន ហើយជំងឺទាំងពីរនេះគឺជាដើមហេតុនៃការបាត់បង់ការចងចាំរបស់អ្នក។ មានកត្តាជាច្រើនដែលអ្នកអាចស្វែងរកឱកាស ដើម្បីភ្ជាប់ទំនាក់ទំនងនៅក្នុងសង្គមដូចជា ការជួបជុំមិត្តភ័ក្រ្ត ការធ្វើការងារស្ម័គ្រចិត្ត ឬការលេងកីឡាជាដើម។
៤៖ មានរបៀប៖ ការរៀបចំទុកដាក់របស់របរ ឬ កិច្ចការឲ្យបានល្អ ការមានអនាម័យនិងការចេះរៀបចំផ្ទះសម្បែងបានស្អាតបាត ហើយនិងការមានកាលវិភាគច្បាស់លាស់ គឺសុទ្ធសឹងតែជាកត្តាដែលជួយជំរុញដល់ការចងចាំរបស់អ្នកឲ្យកាន់តែល្អប្រសើរ។
៥៖ គេងឲ្យបានគ្រប់គ្រាន់៖ ការគេងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយរក្សា និងពង្រឹងការចងចាំរបស់អ្នកឲ្យនៅខ្លាំង ដូច្នេះហើយអ្នកត្រូវតែគេងឲ្យបានគ្រប់គ្រាន់ យ៉ាងហោចណាស់ក៏ប្រាំពីរទៅប្រាំបួនម៉ោងដែរក្នុងមួយថ្ងៃ។
៦៖ បរិភោគអាហារដែលមិនធ្វើឲ្យប៉ះពាល់ដល់សុខភាព៖ របបអាហារគឺជាអ្វីដែលយើងត្រូវគិតបន្ទាប់អំពីការគេង ពីព្រោះវាក៏ជាធាតុដ៏សំខាន់មួយដែលជះឥទ្ធិពលអាក្រក់ដល់ការចងចាំរបស់អ្នកផងដែរ។ អាហារទាំងនោះរួមមាន បន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ ព្រមទាំងត្រី សាច់ និងការបរិភោគទឹកឲ្យបានច្រើនជាដើម។
៧៖ គ្រប់គ្រងស្ថានភាពរ៉ាំរ៉ៃ៖ ឧស្សាហ៍ទៅពិនិត្យសុខភាពរបស់អ្នកជាមួយនឹងគ្រូពេទ្យឲ្យបានជាប្រចាំ ហើយគោរពទៅតាមវេជ្ជបញ្ជាឲ្យបានខ្ជាប់ខ្ជួន។ អ្នកកាន់តែមើលថែទាំសុខភាពរបស់អ្នកឲ្យបានល្អ នោះការចងចាំរបស់អ្នកក៏កាន់តែប្រសើរទៅតាមហ្នឹងដែរ។
មតិយោបល់