ព័ត៌មានជាតិ

លោក Justin Trudeau ថាពិភពលោកត្រូវតែធ្វើឱ្យលោក ពូទីន បរាជ័យនៅក្នុងសង្រ្គាមអ៊ុយក្រែន

(កៀវ)៖ នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ឌ្រូដូ (Justin Trudeau) បាននិយាយថាពិភពលោកនឹងធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីធានាឱ្យបានថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នឹងបរាជ័យក្នុងសង្រ្គាមរបស់លោកនៅអ៊ុយក្រែន ក្នុងនោះរួមមានទាំងដាក់ទណ្ឌកម្ម ប្រឆាំងមូស្គូ រាប់ឆ្នាំទៅមុខផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៩ ខែឧសភា ឆ្នាំ២០២២។

លោក ចាស្ទីន ឌ្រូដូ ធ្វើការកត់សម្គាល់ខាងលើក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters ពីកាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅនេះ នាឱកាសបំពេញទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែន។ លោក ឌ្រូដូ បានបញ្ជាក់ដូច្នេះថា «អ្វីដែលលោក ពូទីនត្រូវដឹង នោះគឺបណ្ដាប្រទេសលោកខាងលិចបានប្ដេជ្ញាចិត្តជាដាច់ខាត ហើយយើងនឹងឈរប្រឆាំងទៅនឹងអ្វីដែលលោកកំពុងធ្វើ»។

លោកបន្ថែមថាសង្រ្គាមខុសច្បាប់, ការបង្កភាពតានតឹង និងការឆ្លងបន្ទាត់ក្រហមរបស់ លោក ពូទីន តាមរយៈការជ្រើសរើសឈ្លានពានអ៊ុយក្រែន គឺមានន័យថាពិភពលោកទាំងមូល នឹងធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើទៅបានដើម្បីឱ្យ លោក ពូទីន ទទួលបរាជ័យ៕

ប្រភព៖ Reuters

មតិយោបល់