បន្ទាយមានជ័យៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា លោកវរសេនីយ៍ទោ អ៊ឹម សុភារៈ អធិការនគរបាលស្រុកអូរជ្រៅ បានប្រាប់ថា៖ នគរបាលស្រុកអូរជ្រៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាពជិះម៉ូតូ១គ្រឿងម៉ាក ហុងដាទ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ បាត់ដំបង1AL-1386 ឆក់កាបូបបានសម្រេច នៅថ្ងៃទី២០ មិថុនា ឆ្នាំ២០២២ នៅវេលាម៉ោង០២ល្ងាច ត្រង់ចំណុចផ្សារគុត្តសត ស្ថិតនៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោកអធិការបានបញ្ជាក់ថា៖ សង្ស័យឈ្មោះ យី ជ័យ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិទំនប់ត្រកួន ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង មានមុខរបរមិនប្រាកដ ។ បានធ្វើសកម្មភាពឆក់យកកាបូបដាក់លុយ ពីឈ្មោះ ឡេង គឹមទៀង ភេទស្រី អាយុ ៤៩ឆ្នាំ មុខរបរលក់ដូរនៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅក្នុងកាបូបមានប្រាក់ខ្មែរ ៥១ម៉ឺនរៀលនិងប្រាក់ថៃ២,០០០បាត។ ពេលឆក់បានជនរងគ្រោះបានស្រែកឲ្យគេជួយ ពលរដ្ឋនៅក្បែរនោះក៏បានរាយការណ៍ ភ្លាមៗនោះនគរបាលប៉ុស្តិ៍ និងកម្លាំងជំនាញបានចេញអន្តរាគមន៍ ចាប់ឃាត់បានជនសង្ស័យយកមកធ្វើការសាកសួរ ។ នៅចំពោះមុខជនសង្ស័យបានឆ្លើយអះអាងថា រយៈកាលកន្លងមកធ្លាប់ធ្វើសកម្មភាពឆក់នៅខេត្តបាត់ដំបង និងធ្លាប់ជាប់ពន្ធនាគាររយះពេលជាង ១ឆ្នាំ ទើបតែចេញ ហើយបានមកធ្វើសកម្មភាពឆក់យកកាបូបដាក់លុយពីអ្នកនៅផ្សារគុត្តសតនេះ។
បច្ចុប្បន្នជនសង្ស័យនិងម៉ូតូជិះធ្វើសកម្មភាព នគរបាលជំនាញផ្នែកព្រហ្មទណ្ឌកំពុងរៀបចំសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្ត តាមនិតិវិធី ចំណែកាបូបនិងលុយ ស្នើសុំគោលការណ៍ប្រគល់ជូនម្ចាស់ដើមវិញ ៕
មតិយោបល់