(កៀវ)៖ អាជ្ញាធរនៅក្នុងប្រទេសអ៊ុយក្រែន បានឲ្យដឹងថា ការបាញ់ផ្លោងមីស៉ីលពីរគ្រាប់របស់រុស្ស៉ី ចំផ្សារទំនើបដ៏មមាញឹកមួយកន្លែង នៅកណ្តាលទីក្រុង ក្រេមេនឈុក (Kremenchuk) របស់អ៊ុយក្រែន នៅថ្ងៃចន្ទសប្តាហ៍នេះ បានសម្លាប់មនុស្សយ៉ាងហោច ១៦នាក់ និងរបួសចំនួន ៥៩នាក់។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) បានសរសេរនៅលើបណ្តាញតេឡេក្រាមថាមានមនុស្ស ជាង១,០០០នាក់ ដែលកំពុងឋិតនៅផ្សាទំនើបខាងលើ។ លោកបន្ថែមដូច្នេះថា «យើងមិនហ៊ានស្រមៃមើលពីចំនួនជនរងគ្រោះក្នុងហេតុកាណ៍នេះទេ… វាគ្មានប្រយោជន៍ទេ បើយើងរំពឹងចង់បានសេចក្ដីថ្លៃថ្នូរសម្រាប់មនុស្សជាតិ ពីប្រទេសរុស្ស៊ីនោះ»។
លោក ឌីមីត្រូ លូនីន (Dmytro Lunin) អភិបាលតំបន់ប៉ូលតាវ៉ា (Poltava) ក៏បានឲ្យដឹងតាមបណ្តាញតេឡេក្រាមដែរថា ភ្លាមៗ មានមនុស្ស ចំនួន១៦នាក់ ត្រូវបានរាយការណ៍ថាស្លាប់ក្នុងការវាយប្រហារនេះ ប៉ុន្តែវាលឿនពេកក្នុងការបញ្ជាក់អំពីតួលេខនៃអ្នកស្លាប់ ខណៈដែលក្រុមមន្រ្តីជួយសង្រ្គោះ កំពុងបន្តប្រតិបត្តិការស្វែងអ្នករងគ្រោះក្រោមគំនរបែកបាក់។ បើតាមអភិបាលតំបន់រូបនេះការវាយប្រហារដោយមីស៊ីលរុស្ស៉ី គឺជាអំពើភេរវកម្មប្រឆាំង នឹងជនស៊ីវិល ព្រោះគ្មាន ទីតាំងយោធានៅក្បែរនោះ ដែលអាចឲ្យរុស្ស៉ីដាក់គោលដៅវាយប្រហារឡើយ»៕
ប្រភព៖ Reuters





មតិយោបល់