ព័ត៌មានជាតិ

អតីតប្រធានាធិបតីរុស្ស៉ី៖ ការឈ្លានពានណាមួយដោយ NATO លើតំបន់គ្រីមៀ នឹងនាំឱ្យផ្ទុះសង្រ្គាមលោកលើកទី៣

(ឡុងដ៍)៖ អតីតប្រធានាធិបតីរុស្ស៉ី លោក ឌីមីទ្រី ម៉េដវេដេវ (Dmitry Medvedev) នៅថ្ងៃចន្ទសប្ដាហ៍នេះបានគំរាមថា ការឈ្លានពានមកលើតំបន់គ្រីមៀ (Crimea) ដោយប្រទេសជាសមាជិកណាតូ (NATO) ណាមួយ នឹងត្រូវបានចាត់ទុកថាជាការប្រកាសសង្រ្គាមលើរុស្ស៉ី ដែលនេះនឹងនាំឱ្យផ្ទុះសង្រ្គាមលោក លើកទី៣។

លោក ម៉េដវេដេវ តាមរយៈការដកស្រង់សម្ដីចេញផ្សាយដោយគេហទំព័រព័ត៌មាន អាហ្គុយមិនធី អាយ ហ្វាកទី (Argumenty i Fakty) បានគូសបញ្ជាក់ ដូច្នេះថា «សម្រាប់ពួកយើង គ្រីមៀគឺជាផ្នែកមួយរបស់រុស្ស៉ីជារៀងរហូត។ ដូច្នេះហើយ រាល់ការប៉ុនប៉ងឈ្លានពានណាមួយលើតំបន់គ្រីមៀ នឹងត្រូវបាន ចាត់ទុកថាជាការប្រកាសសង្រ្គាមជាមួយប្រទេសរបស់យើង»។ លោកបន្ថែមថា ប្រសិនបើការឈ្លានពាន ធ្វើឡើងដោយប្រទេសជាសមាជិកណាតូណាមួយ នោះវាមានន័យថាជាជម្លោះជាមួយបក្សសម្ព័ន្ធយោធាណាតូទាំងមូល ដែលនេះនឹងនាំឱ្យផ្ទុះសង្រ្គាមលោកលើកទី៣ ហើយវានឹងបង្កគ្រោះមហន្តរាយដ៏ធំ សម្បើមអស្ចារ្យ។

លោក ម៉េដវេដេវ មិនបាននិយាយសំដៅចំៗទៅលើប្រទេសណាតូណាមួយទេ ប៉ុន្តែព្រមពេលជាមួយគ្នា លោក ក៏បានបញ្ជាក់ដែរថាប្រសិនបើ ហ្វាំងឡង់ និងស៊ុយអែត ក្លាយជាសមាជិកណាតូ នោះរុស្ស៉ីនឹងពង្រឹងខ្សែការពារនៅតាមតំបន់ព្រំដែនរបស់ខ្លួន ហើយត្រៀមខ្លួនជានិច្ចដើម្បីចាត់វិធានការ សងសឹក ក្នុងនោះរួមមានទាំងការដាក់ពង្រាយមីស៊ីល អ៉ីស្កាន់ឌឺ (Iskander) អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរផងដែរ៕

ប្រភព៖ Reuters

A soldier carries the NATO flag during German Minister of Defence Ursula von der Leyen’s visit to German troops deployed as part of NATO enhanced Forward Presence (eFP) battle group in Rukla military base, Lithuania February 4, 2019. REUTERS/Ints Kalnins

មតិយោបល់