ព័ត៌មានជាតិ

ផ្ទះពលរដ្ឋចំនួន១៤ល្វែងត្រូវឆេះខ្ទេចនៅក្រុងបាត់ដំបង

បាត់ដំបងៈ យោងតាមផេករបស់ អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា អគ្គិភ័យដ៏សន្ធោរសន្ធៅបានលេបត្របាក់លំនៅឋានអស់ជាច្រើនល្វែងកាលពីវេលាម៉ោង០៥និង២០នាទីល្ងាច ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ នៅម្ដុំផ្លូវលេខ១ និងលេខ១កន្លះ (ខាងជើងផ្សារណាត់៥០ម៉ែត្រ)ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលគេអះអាងថាបានផ្ដើមចេញពីផ្ទះលក់ពូកដ៏ធំមួយតែគេមិនទាន់ដឹងពីមូលហេតុនៅឡើយទេ។

យោងតាមរបាយការណ៍បឋមរបស់សមត្ថកិច្ចដែលបានស្រង់ក្រោយពេលកើតហេតុបានឲ្យដឹងថាលំនៅឋានដែលខូចខាតទាំងស្រុងមានចំនួន១៤ល្វែងដែលភាគច្រើនធ្វើពីឈើថ្មនិងស័ង្កសីតែនៅមានលំនៅឋានមួយចំនួនទៀតដែលរងផលប៉ះពាល់ដោយសារអណ្ដាតភ្លើង។អគ្គិភ័យដ៏មហន្តរាយនេះបានផ្ដើមចេញពីផ្ទះលក់ពូកដ៏ធំមួយនៅចំកណ្ដាលនៃទីតាំងកើតហេតុដែលថៅកែពូកនោះឈ្មោះអ៊ាអេងហុងភេទប្រុសអាយុ៧០ឆ្នាំ។

បើតាមការពិនិត្យជាក់ស្ដែងអ្វីដែលសេសសល់នោះគឺមានតែសសរឈើនិងដែកស័ង្កសីប៉ុណ្ណោះ។រីឯសម្ភារៈដទៃៗទៀតបានក្លាយជាផេះផង់អស់ទៅហើយ។អាជ្ញាធរនិងមន្ត្រីជំនាញហាក់មិនទាន់វាយតំលៃអំពីតុល្យការនៃការខូចខាតនៅឡើយទេព្រោះមើលទៅហាក់មានសភាពធ្ងន់ធ្ងរពេក។

លោកវរសេនីយ៍ឯកគឹមប៊ុនធឿនប្រធានការិយាល័យបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានអោយដឹងថាបើតាមការពិនិត្យលើទិដ្ឋភាពជាក់ស្ដែងអាចខាតបង់ធ្ងន់ធ្ងរណាស់ហើយពេលនេះទាំងអាជ្ញាធរទាំងមន្ត្រីជំនាញកំពុងសហការគ្នាចុះត្រូតពិនិត្យនិងធ្វើការស្រាវជ្រាវរកមូលហេតុនៃអគ្គីភ័យនេះ។

ករណីនេះរថយន្តពន្លត់អគ្គីភ័យចេញអន្តរាគមន៍ពន្លត់ចំនួន០៧គ្រឿង(ប្រើប្រាស់ទឹកអស់ចំនួន២៤រថយន្តមកពីស្រុកថ្មគោលស្រុកសង្កែនិងស្រុកឯកភ្នំផងបានផ្គុំគ្នាបាញ់ពន្លត់និងបាញ់ទប់ស្កាត់៕

 

មតិយោបល់