ព័ត៌មានជាតិ

ប្រធានសន្តិសុខបុរី លឹមឈាងហាក់ នាំបក្ខពួកជិត១០នាក់ ទៅវាយ និងដាក់ខ្នោះបុរសម្នាក់ដល់ផ្ទះ

ភ្នំពេញៈ ពិតជាគ្មានដឹងពីច្បាប់ទម្លាប់មែន ប្រធានសន្តិសុខនៅបុរី លឹម ឈាងហាក់ ស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ បាននាំបក្ខពួកប្រមាណ១០នាក់ ជាសន្តិសុខបុរីជិះម៉ូតូ៣គ្រឿង ទៅប្រើអំពើហិង្សា ដោយវាយ ទាត់ ធាក់បុរសម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ព្រមទាំងចាប់វាយខ្នោះនាំយកមកកន្លែងការិយាល័យសន្តិសុខក្នុងបុរីទៀតផង ក្រោយមានជម្លោះជាមួយជនរងគ្រោះ។

ហេតុការណ៍ខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦នេះ ស្ថិតនៅផ្ទះជនរងគ្រោះភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ប៉ុន្តែក្រោយចាប់វាយខ្នោះហើយ ក៏នាំមកការិយាល័យសន្តិសុខបុរី នៅសង្កាត់ដង្កោ ខណ្ឌដង្កោថែមទៀត។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សាង ហៃ អាយុ៣០ឆ្នាំ ។ ចំណែកជនបង្កជាប្រធានសន្តិសុខវិញមានឈ្មោះ វឿន សារុម ហើយបក្ខពួកប្រមាណ១០នាក់ទៀតនោះ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

សម្រាប់មូលហេតុវិញ ត្រូវបានគេរាយការណ៍ថា មកពីក្រុមសន្តិសុខទាំងនេះ ខឹងជនរងគ្រោះយកចំពាមកៅស៊ូ ទៅបាញ់កម្មករសំណង់របស់ខ្លួន តែយ៉ាងណានោះ ក៏មិនត្រូវលើកគ្នាទាំងហ្វូងទៅប្រើអំពើហិង្សា និងចាប់វាយខ្នោះអូសមកកន្លែងបែបនេះទេ ពីព្រោះមិនមែនជាមន្រ្តីនគរបាលយុត្តិធម៌ឡើយ។

បើតាមសេចក្តីរាយការណ៍ដដែលបានដឹងទៀតថា ខណៈជនរងគ្រោះកំពុងអង្គុយលើគ្រែ ស្រាប់តែប្រធានសន្តិសុខ និងបក្ខពួក ទៅវាយចាប់វាយខ្នោះ ដោយមិនសួរហេតុផល អូសមកកន្លែងការិយាល័យសន្តិសុខ ក្នុងបុរី ហើយបន្តវាយរហូតរបួសធ្ងន់។

យ៉ាងណាក៏ដោយ ក្រោយកើតហេតុ កម្លាំងនគរបាលបានចុះទៅជួយអន្តរាគមន៍ ដោយឃាត់ប្រធានសន្តិសុខរូបនេះ មកប៉ុស្តិ៍នគរបាល តែជនរងគ្រោះអំពាវនាវឲ្យសមត្ថកិច្ចតាមចាប់បក្ខពួកបន្ថែមទៀត។ នៅពេលនេះមានព័ត៌មានថា ប្រធានសន្តិសុខរូបនេះ អាងថៅកែរបស់ខ្លួន ជាអ្នកមានអំណាចនោះ បាននិងកំពុងរត់ការសុំរួចខ្លួន៕

សន្តិសុខបុរី វាយបុរសម្នាក់ (1)សន្តិសុខបុរី វាយបុរសម្នាក់ (2)សន្តិសុខបុរី វាយបុរសម្នាក់ (3)សន្តិសុខបុរី វាយបុរសម្នាក់ (4)សន្តិសុខបុរី វាយបុរសម្នាក់ (5)

មតិយោបល់