សៀមរាបៈ រថយន្តសេរីទំនើប របស់នាយសង្កាត់ រដ្ឋបាលព្រៃឈើ លោក យ៉ាន់ ស៊ីវ៉ាត់ បើករថយន្តទៅបុកបុរសម្នាក់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ ខណៈដែលបើកបរ ក្នុងស្ថានភាពស្រវឹងជោគ នៅកំណាត់ផ្លូវជាតិលេខ៦ នៅយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ នៅវេលាម៉ោង១១យប់ នៅចំណុចកំណាត់ផ្លូវជាតិ លេខ៦ ខាងកើត ការ៉ាស់សាំង ៩៩ ស្ថិតក្នុងភូមិ ត្រាង ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
បើតាមសមត្ថកិច្ច បានរាយការណ៍បញ្ជាក់ថា ម្ចាស់រថយន្តគឺជាកម្មសិទ្ធិ របស់លោកយ៉ាន់ ស៊ីវ៉ាត់ នាយសង្កាត់រដ្ឋបាលព្រៃ ស្វាយលើ បានបើកបររថយន្ត ទំនើបមួយគ្រឿង ម៉ាកឡិចស៊ីស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-7009 ក្នុងភាពស្រវឹង ធ្លាក់ភ្នែកហើយទៅបុកចំពីក្រោយម៉ូតូ របស់ប្រជាការពារម្នាក់ បើកបរក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យស្លាប់ភ្លាមៗ ។
ជនរងគ្រោះដែលបានស្លាប់ដោយសារលោក យ៉ាន់ ស៊ីវ៉ាត់ បើករថយន្តបុកមាន ឈ្មោះ ចាន់ រស្មី ជាប្រជាការពារស្មគ្រ័ចិត្ត បំរើការងារ ក្នុងឃុំកណ្ដែក ស្រុកប្រាសាទបាគង បន្ទាប់ពីបានបុកជនរងគ្រោះស្លាប់ ហើយជនបង្កជាមេព្រៃ ខាងលើ មិនបានព្យាយាមរត់គេចខ្លួន ពីទីកើតហេតុនោះឡើយ ដោយរង់ចាំ នគរបាលមកដល់។
ជនសង្ស័យ នឹងរថយន្តបង្ក ត្រូវនគរបាលនៃអធិការដ្ឋាននគរបាល ស្រុកប្រាសាទបាគង ធ្វើការដកហូតរក្សាទុក ជាបណ្តោះអាសន្ននឹងឃាត់ខ្លួន បញ្ជូនបន្តមកស្នងការដ្ឋាននគរបាល ខេត្តសៀមរាប ដើម្បីចាត់ការតាមនិតិវិធីនៃច្បាប់។
ខណៈនេះមហាជនកំពុងតែរង់ចាំមើលថា តើសមត្ថកិច្ចមានវិធានការដូចម្តេច ចំពោះលោក យ៉ាន់ ស៊ីវ៉ាត់ ដែលពោពេញទៅដោយបុរសមានអំណាច និងមានលុយ ហើយបានបើកបរក្នុងលក្ខណ បំពាន់ច្បាប់ និងបង្កឲ្យមានមនុស្សស្លាប់ ក្នុងពេលបើកបរក្នុងស្ថានភាពស្រវឹង ៕
មតិយោបល់