ព័ត៌មានជាតិ

ខ្យល់មូសុងនិរតី កំពុងបង្កើនឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ: យោងទៅតាមក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០១៦ រហូតដល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៦ ខ្យល់មូសុងនិរតី បាននិងកំពុងបង្កើនឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា និងឈូងសមុទ្រថៃ ចំណែកប្រពន្ធ័សម្ពាធទាបដែលកំពុងអូសកាត់លើអាងមេគង្គនោះ នឹងរំកិល ចុះជាបន្តបន្ទាប់មកភាគខាងត្បូង ហើយនៅថ្ងៃទី១១ ខែកញ្ញា ប្រពន្ធ័សម្ពាធទាបនេះ អាចនឹងអូសកាត់លើខេត្តស្ទឹងត្រែង ។

យោងតាមការព្យាករស្ថានភាពអាកាសធាតុឃើញថា តំបន់វាលទំនាប និងខ្ពង់រាប របាយទឹកភ្លៀងនឹងធ្លាក់រាយប៉ាយជាមួយនឹងបរិមាណពីមធ្យមទៅច្រើន ។ តំបន់មាត់ សមុទ្រ ភ្លៀងនឹងចាប់ផ្តើមធ្លាក់ជាមួយនឹងបរិមាណកើនឡើងច្រើនជាបន្តបន្ទាប់ ជាពិសេស ខេត្តកោះកុង និងខេត្តព្រះសីហនុ ។

ទន្ទឹមនឹងនោះដែរ ក្រសួងធនធានទឹក និងឧតុនិយម សូមឲ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយត្ន័នៅតំបន់ឆ្នេរ និងលើផ្ទៃសមុទ្រ ដែលមានខ្យល់បក់បោកខ្លាំង រលកសមុទ្រមានកម្ពស់ខ្ពស់ៗ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៦ ៕

ព្យាការ អាកាសធាតុ

មតិយោបល់