ព័ត៌មានជាតិ

ដកទុកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីជាបណ្តោះអាសន្ន សង្ស័យមានសញ្ជាតិមិនច្បាស់លាស់

កណ្ដាលៈ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីជាច្រើនសន្លឹក ត្រូវនគរបាលស្រុកកោះធំ ដកទុកជាបណ្តោះអាសន្ន ដោយសង្ស័យមានសញ្ជាតិមិនច្បាស់លាស់។

ពាក់ព័ន្ធនឹងករណីនេះ នាថ្ងៃទី២៨ សីហា ២០១៦ មានប្រជាពលរដ្ឋបាន Comments ចូល Page អធិការដ្ឋានសួរនាំអំពីអត្តសញ្ញាណប័ណ្ណរបស់ពួកគាត់ដែលបានថតអស់ពេលជាយូរហើយតែនៅមិនទាន់បានយកទៅប្រើប្រាស់។

ដោយផ្ដើមចេញពីបញ្ហាខាងលើ លោកអធិការនៃអធិការដ្ឋាននគរបាលស្រុកកោះធំ បានបញ្ជាឲ្យផ្នែកជំនាញពិនិត្យឃើញថា អត្តសញ្ញាណប័ណ្ណទាំងនោះ គឺបានបោះពុម្ពរួចហើយ និងបានផ្តល់ទៅកាន់ប៉ុស្តិ៍រដ្ឋបាល ដើម្បីចែកជូនពលរដ្ឋហើយ តែហេតុអ្វីប៉ុស្តិ៍នគរបាលរដ្ឋបាលមិនព្រមចែកជូន?

នៅថ្ងៃទី២៩ សីហា ២០១៦ អធិការនគរបាលស្រុក បានកោះអញ្ជើញមេប៉ុស្តិ៍ទាំងអស់មកប្រជុំវិសមញ្ញមួយ ដើម្បីស្តាប់ការពន្យល់រឿងនេះ និងពិភាក្សាការងារផ្សេងៗ។ នៅក្នុងអង្គប្រជុំប្រធានប៉ុស្តិ៍រដ្ឋបាលទាំង៣ បានសារភាពថា មូលហេតុ ដែលលោកមិនព្រមផ្តល់អត្តសញ្ញាណប័ណ្ណ ដែលបានបោះពុម្ភរួចនេះ គឺដោយសារពួកគាត់សង្ស័យមានសញ្ជាតិមិនច្បាស់លាស់។

កិច្ចប្រជុំចប់ អធិការនគរបាលស្រុក បានចាត់តាំងក្រុមការងារជំនាញនៃអធិការដ្ឋានមួយក្រុម ចុះទៅមូលដ្ឋាន ដើម្បីអង្កេតរឿងនេះ។ ព័ត៌មានបឋម ឈ្មោះក្នុងអត្តសញ្ញាណខាងលើ កម្លាំងជំនាញអាចសន្និដ្ឋានបានថា ពួកគេមិនមែនជាជនជាតិខ្មែរពិតប្រាកដ។

ទោះបីយ៉ាងណាក៏ដោយនៅថ្ងៃទី៧ កញ្ញានេះ អធិការនៃអធិការដ្ឋាននគរបាលស្រុកកោះធំ បានធ្វើរបាយការណ៍សរុបមួយគោរពជូនលោកស្នងការនគរបាលខេត្តកណ្តាល និងស្នើសុំឲ្យលោកបង្កើតក្រុមអធិការកិច្ច ចុះមកអង្កេតស្រាវជ្រាវឲ្យបានជាក់លាក់មុនសម្រេចថា គាត់ជាជនជាតិអ្វី? និងតើត្រូវផ្តល់ជូនអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីនេះដល់គាត់យកទៅប្រើប្រាស់ ឬយ៉ាងណា?៕

អត្តសញ្ញាណប័ណ្ឌ (2)អត្តសញ្ញាណប័ណ្ឌ (3)អត្តសញ្ញាណប័ណ្ឌ (4)អត្តសញ្ញាណប័ណ្ឌ (1)

មតិយោបល់