ព័ត៌មានជាតិ

នគរបាលខណ្ឌ៧មករា ឃាត់ខ្លួនជនសង្ស័យម្នាក់បានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃជនបរទេស

ភ្នំពេញ: ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក២នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា ធ្វើការចាប់ឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពី​ធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីជនបរទេសម្នាក់ដែលកំពុងធ្វើដំណើរតាមដងផ្លូវ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ និង ៥០នាទី យប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវ២៧៤ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ឃាត់ខ្លួនបានមានឈ្មោះ ង៉ែត វិសាលភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ម្ដុំទួលសង្កែ។ ចំណែកជន​សង្ស័យ​ទី២​ដែលរត់គេចខ្លួនបាត់ មានឈ្មោះ ហ៊ាង ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅមិនពិប្រាកដ ។

មុននឹងឈានដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌ៧មករា កំពុងល្បាតតាមមូលដ្ឋានក៏ប្រទះឃើញមុខសញ្ញាជនសង្ស័យខាងលើ រួចក៏បើកម៉ូតូតាមដានពីក្រោយ លុះបានមកដល់ចំណុចកើតហេតុស្រាប់តែជនសង្ស័យទាំង២ នាក់ជិះម៉ូតូ២គ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាក​លេខ ភ្នំពេញ 1FQ-1754 លុះមកដល់ចំណុចផ្លូវលេខ២៧៤ ជនសង្ស័យបានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីជនជាតិបរទេសដែលកំពុងជិះម៉ូតូកង់បីតាមដងផ្លូវ ត្រូវបានកម្លាំង​នគរបាលព្រហ្មទណ្ឌ ខណ្ឌ៧មករា ឃើញទាន់បាននាំគ្នាដេញតាមពីក្រោយម៉ូតូជនសង្ស័យយ៉ាងប្រផាប់ប្រភីង រហូតមកដល់ចំណុចមុខហាងសាំងតូតាល់ ក៏ត្រូវបានកម្លាំង​នគរបាលព្រហ្មទណ្ឌដេញចាប់បានជនសង្ស័យម្នាក់ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់តែម្ដង ។

បច្ចុប្បន្នជនសង្ស័យនិងម៉ូតូ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌនាំខ្លួនមកកាន់ អធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីឃុំខ្លួនបណ្ដោះអាសន្ននិងកសាងសំណុំរឿងបញ្ជូន​ខ្លួនទៅកាន់ តុលាការចាត់ការតាមនីតិវិធីច្បាប់ ៕

ចោរឆក់

ចោរឆក់

មតិយោបល់