បន្ទាយមានជ័យៈ ថវិការចូលរួមរំលែកទុក្ខ របស់នាយឧត្តមសេនីយ៍ នៃអគ្គស្នងការរងនគរបាលជាតិ និង សមាគមអតីតយុវជន ព្រមទាំងថវិការសមាគមមិត្តនគរបាល ជាង៤ពាន់ដុល្លារ ត្រូវលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងបញ្ជាការអាវុធហត្ថខេត្ត ដឹកនាំកម្លាំងក្រោមឱវាទ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងផ្តល់ជូនដល់ក្រុមគ្រួសារសព លោក ឃួន ប៊ុនហួន អតីតស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ និងបច្ចុប្បន្នជាទី ប្រឹក្សាក្រសួងមហាផ្ទៃ ។
លោក វង្ស វិត ស្នងការរងផែនធនធានមនុស្ស នៃស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ថវិការដែលលោក ឧត្តមសេនីយ៍ទោ អាត់ ខែម ប្រគល់ជូនក្រុមគ្រួសារសព លោក ឃួន ហ៊ុនហួន គឺរួមមានថវិការរបស់អគ្គស្នងការរងនគរបាលជាតិ ចំនួន១២០០ដុល្លារ និងថវិការមិត្តនគរបាល ចំនួន៤លានរៀល និងថវិការសមាគម អតីតយុវជនចំនួន៤លានរៀល ថវិការចូលរួមរបស់នគរបាល នៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ ជាង២លានរៀល ។
ក្រៅពីការចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកថវិការខាងលើ ក៏មានការចូលរួមគោរពវិញ្ញាណក្ខន្ធ ពីសំណាក់សមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយ លោក ឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានចូលរួមរំលែកទុកជាថវិការ ចំនួន១លាន៦សែនរៀល ។
លោក ឃួន ប៊ុនហួន អតីតស្នងការរងនគរបាល ខេត្តបន្ទាយមានជ័យ និងបច្ចុប្បន្នជាទីប្រឹក្សា ក្រសួងមហាផ្ទៃ បានទទួលមរណៈភាព កាលពីវេលាម៉ោង៦ និង៣០នាទី ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ ដោយរោគាពាធ ។ សពរបស់លោកត្រូវបានតម្កល់ ធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនា នៅគេហដ្ឋានក្នុង ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
លោក ឃួន ប៊ុនហួន គឺជាបញ្ញវន្ត មួយរូប បានចូលបម្រើ ជាតិមាតុភូមិ ជានគរបាលមុនចូលនិវត្តន៍អស់រយៈពេល៣៤ឆ្នាំ ក្នុងនោះបានបំបែកសំណុំរឿង ជាច្រើន ក្នុងតំណែងជាស្នងការរងកណ្តាលសន្តិសុខ លុះដល់ចូលនិវត្តន៍ ក្រសួងមហាផ្ទៃបានតែងតាំងលោក ជាទីប្រឹក្សាក្រសួងមហាផ្ទៃ ៕
មតិយោបល់