ព័ត៌មានជាតិ

យុវជន​ម្នាក់ ជិះម៉ូតូទាក់ដៃចង្កូតគ្នា ដួលបោកក្បាលស្លាប់មួយរំពេច

ភ្នំពេញៈ យុវជនម្នាក់ បានបោកក្បាលស្លាប់ ក្រោយពីបើកម៉ូតូទាក់ដៃចង្កូចជាមួយម៉ូតូមួយគ្រឿងទៀត កាលពីវេលាម៉ោង៤និង១០នាទីល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចខាងមុខព្រះគម្លង់ ផ្លូវព្រះស៊ីសុវត្ថិ ស្ថិតសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះដែលដួលម៉ូតូបោកក្បាលស្លាប់ ព្រោះតែទាក់ដៃចង្កូតមួយគ្រឿងទៀតនោះឈ្មោះ ផាត់ វាសនា ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ១៥១ ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាកើតហេតុយុវជនរងគ្រោះជិះម៉ូតូម៉ាកស្មាស់រីវ៉ូ ពណ៌ក្រហមខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AQ-២៩ ៧៣ បានបើកតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិពេលមកដល់ខាងមុខព្រះគម្លង់ ស្រាប់តែម៉ូតូប៉ះនឹងម៉ូតូ១គ្រឿងមិនចាំម៉ាក បណ្ដាលឲ្យដួលបោកនឹងថ្នល់ ហើយភាគីម្ខាងទៀតមិនបានឈប់មើលជនរងគ្រោះនោះទេ ពោលគឺបានបន្ថែមល្បឿនបើកទៅបាត់តែម្តង។ អ្នកនៅកន្លែកកើតហេតុបានបន្ថែមថា ភាគីម្ខាងដែលរត់គេចនោះ ជិះឌុបគ្នា៣នាក់ សុទ្ធតែពាក់មួកសុវត្ថិភាពទាំង៣នាក់ ហើយភាគីនោះ ក៏រងរបួសដែរ ប៉ុន្តែរងគ្រោះស្រាល​។

ប្រភពព័ត៌មានបានបន្តទៀតថា ក្នុងពេលដែលដួលបោកនោះ ជនរងគ្រោះនៅមិនទាន់ស្លាប់ភ្លាមៗនៅឡើយ ហើយអ្នកនៅម្ដុំកន្លែងកើតហេតុនាំគ្នាចោមរោមមើល និងបានហៅរថយន្តសាមុយមកជួយភ្លាមៗដែរ ប៉ុន្តែពេលរថយន្តសាមុយមកដល់បានធ្វើការជួយសង្រ្គោះ ស្រាប់តែបញ្ជាក់ថា ជនរងគ្រោះរូបនោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ពាក់ព័ន្ធនិងការស្លាប់ជនរងគ្រោះរូបនោះ ត្រូវបានសមត្ថកិច្ចបានបានទំនាក់ទំនងជាក្រុមគ្រួសារឲ្យមកទទួល ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

photo_2016-11-07_17-15-10photo_2016-11-07_17-14-51photo_2016-11-07_17-14-52photo_2016-11-07_17-14-54photo_2016-11-07_17-14-56photo_2016-11-07_17-14-57photo_2016-11-07_17-14-58photo_2016-11-07_17-15-00photo_2016-11-07_17-15-01photo_2016-11-07_17-15-03photo_2016-11-07_17-15-04photo_2016-11-07_17-15-06photo_2016-11-07_17-15-07

មតិយោបល់