Luis Figo ជឿជាក់ថាក្រុម Barcelona នៅតែអាចទិញយក Cristiano Ronaldo ពី Real Madrid បាន ប្រសិនបើក្រុមអ្នកមានបុណ្យពិតជាចង់បង្កើតរឿងចម្លែកមែននោះ។
Figo ជាកីឡាករម្នាក់ដែលធ្លាប់លេងនៅ Barcelona ហើយផ្លាស់ទៅលេងនៅ Real Madrid បន្ដទៀតក្នុងតម្លៃខ្លួន៣៧,២លានផោន អំឡុងឆ្នាំ២០០០។ ដោយការផ្ទេរនេះដែរ បានធ្វើឱ្យមតិភាគច្រើនភ្ញាក់ផ្អើលខ្លាំងមែនទែន ព្រោះក្លឹបទាំងពីរនេះកម្រនឹងដោះដូរកីឡាករគ្នាណាស់។
ដោយសារតែធ្លាប់មានប្រវត្តិដូច្នេះហើយ បានជាវិរបុរសរបស់ជម្រើសជាតិព័រទុយហ្គាល់ជឿជាក់ថាប្រសិនបើ Barcelona ពិតជាចង់ទិញយក Ronaldo មែននោះ វាពិតជាអាចកើតឡើងបានមែន។ “យើងនៅក្នុងទីផ្សារដោះដូរសេរី ដូច្នេះប្រសិនបើមានការទិញផ្ដាច់កុងត្រាមែននោះ អ្វីគ្រប់យ៉ាងក៏អាចទៅរួចដែរ”។ សម្ដីរបស់ Figo ។
Ronaldo បន្ទាប់ពីឈ្នះពានកីឡាករល្អជាងគេនៅអឺរ៉ុបជាលើកទី២របស់ខ្លួនរួចមក រូបគេកំពុងតែសម្រាកព្យាបាលរបួសជើងដែលកើតមានតាំងពីលេងនៅ Euro 2016 ជាមួយបារាំង។ ខណៈដែលខ្សែប្រយុទ្ធរូបនេះ ត្រូវបានគេដឹងថាកុងត្រារបស់គេនៅ Real Madrid មានតម្លៃដល់ទៅ១,២៥ពាន់លានផោនឯណោះ។ ទន្ទឹមនឹងនេះដែរ Figo ជឿជាក់ថាតម្លៃកុងត្រានោះគ្រាន់តែជាតូរលេខប៉ុណ្ណោះ ប្រសិនបើមានការដាក់ស្នើមួយសមរម្យនោះ Real Madrid អាចនឹងពិចារណាមិនខាន៕
មតិយោបល់