រតនគិរីៈ មន្ត្រីបរិស្ថានស្រុកលំផាត់បានឲ្យដឹងនៅព្រឹកថ្ងៃទី៧ ខែកញ្ញ ឆ្នាំ២០១៦នេះថា កម្លាំងមន្រ្តីបរិស្ថានបានបង្ក្រាបឈើពីរកន្លែងផ្សេងគ្នា ទីតាំងទី១ ចំណុចផ្លូវបំបែកអូរវ៉ាក់ដកហូតបានប្រភេទឈើធ្នង់ចំនួន៥២ដុំ និងទីតាំងទី២កាលពីថ្ងៃទី៦ ខែកញ្ញ ដកហូតបានឈើប្រណីតប្រភេទធ្នង់ចំនួន៥៦ដុំ នៅក្បែរព្រៃស្ថិតក្នុងភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី សរុប១០៨ដុំ។
មន្ត្រីបរិស្ថានម្នាក់ឈ្មោះ ធឹម វិចិត្រ បានប្រាប់ post news នៅថ្ងៃទី៧ ខែកញ្ញ នេះបានឲ្យដឹងថា ឈើប្រណីតប្រភេទធ្នង់ចំនួន១០៨ដុំនេះ បានរឹបអូសពីឈ្មួញបម្រុងលោតឆ័ត្រដឹកចេញទៅលក់ឲ្យឈ្មួញនៅប្រទេសវៀតណាម។ ទើបមន្ត្រីរឹបអូសយកមករក្សាទុកនៅស្នាក់ការដែនជម្រកសត្វព្រៃតែម្តង។
បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋបានឲ្យដឹងថា មានរថយន្តទំនើបជាច្រើនគ្រឿងដូចជា រថយន្តបាឡែន រថយន្តឡង់គ្រីស័រ រថយន្តតូយូតា និងរថយន្តត្រូពិច បានដឹកជញ្ជូនឈើទាំងយប់ទាំងថ្ងៃមិកម្រឃើញមន្ត្រីជំនាញបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើដែលឈរជើងនៅតាមបណោយផ្លូវជាតិលេខ៧៦ បង្ក្រាបបានឡើយ យូរៗបង្រ្គាបបានម្តង រថយន្តល្មើស១០គ្រឿង ចាប់បានតែ២គ្រឿងប៉ុណ្ណោះ ប្រហែលជាមេឈ្មួញទាំងនោះសែនត្រូវហើយមើលទៅ រីឯឈើដែលបង្ក្រាបបានខាងលើនោះ ប្រហែលមិនបានសែនហើយមើលទៅ បានជាកម្លាំងមន្រ្តីបង្ក្រាបបាន ហើយដឹកយកមករក្សាទុកនៅស្នាក់ការដែនជម្រកសត្វព្រៃលំផាត់ ដើម្បីបង្អួតអួតថ្នាក់លើឲ្យដឹង៕
មតិយោបល់