ភ្នំពេញៈ ដោយមើលឃើញពីការរីកចម្រើនលើ ផ្នែកបច្ចេកវិទ្យា (អាយធី) នៅក្នុងប្រទេសកម្ពុជាកាន់តែមានការវិវឌ្ឍន៍ជឿនលឿនពីមួយថ្ងៃទៅមួយថ្ងៃ ហើយវិស័យនេះអាចប្រឈមនឹងហានិភ័យនៅថ្ងៃក្រោយ ក្រុមហ៊ុនធំៗ២គឺ ខេអេចនិរន្ត KH NIRON INVESMENT Co.,ltd និង ក្រុមហ៊ុន LANTIUM មកពីសហរដ្ឋអាមេរិក បានចាប់ដៃគ្នាគ្រោងបោះទុនជាងកន្លះលានដុល្លារអាមេរិក ដើម្បីការពារការលួចចូលក្នុងទិន្នន័យកុំព្យូទ័រ នៅតាមក្រុមហ៊ុន ធនាគារ រោងចក្រ សហគ្រាស និងស្ថាប័នសំខាន់ៗរបស់រដ្ឋ។
លោកឧកញ្ញ៉ា ជា លាងហុង ប្រធានក្រុមហ៊ុនខេអេចនិរន្ត ដែលប្រតិបត្តិការលើផ្នែកអចលនៈទ្រព្យធំៗក្នុងប្រទេសកម្ពុជាបានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី០៧ខែកញ្ញានេះថា «ខ្ញុំបានមើលឃើញពីហានិភ័យផ្នែកបច្ចេកវិទ្យាហៅកាត់ថា អាយធីអាចនឹងកើតមាននាពេលអនាគត ដូចបណ្តាប្រទេសអភិវឌ្ឍន៍នៅលើពិភពលោកដែរ ដូច្នេះខ្ញុំក៏បានចាប់ដៃជាមួយលោក Jeff Middleton ប្រធានក្រុមហ៊ុន LANTIUM នឹងបង្កើតក្រុមហ៊ុនរួមគ្នា ដើម្បីការពារការលួចចូលទិន្នន័យក្នុងកុំព្យូទ័ររបស់ក្រុមហ៊ុន ធនាគារ និងស្ថាប័នរដ្ឋសំខាន់ៗជាច្រើនទៀតនៅពេលឆាប់ៗខាងមុខនេះ។
លោកបន្តថា LANTIUM ជាក្រុមហ៊ុនដែលមានបទពិសោធន៍វិនិយោគលើផ្នែកនេះជាង២០ឆ្នាំមកហើយនៅសហរដ្ឋអាមេរិក និងបានប្រតិបត្តិការនៅប្រទេសសឹង្ហបូរី ហើយក៏ឈានមកដល់ប្រទេសកម្ពុជា នឹងអាចបន្តទៅប្រទេសវៀតណាម ថៃ និងប្រទេសមួយចំនួនទៀតនៅអាស៊ី។
លោក Jeff Middleton មានប្រសាសន៍ថា ដោយមើលឃើញប្រទេសកម្ពុជាមានការរីកចម្រើន មានកំណើនសេដ្ឋកិច្ចរឹងមាំ និងមានស្ថេរភាពនយោបាយ ហើយប្រជាជនចេះនិយាយភាសារអង់គ្លេសច្រើន ពិសេសក្រុមហ៊ុន ខេអេចនិរន្ត ជាក្រុមហ៊ុនធំ មានវិជ្ជាជីវល្អ ដែលអាចបណ្តាក់ទុនរកស៊ីជាមួយគ្នាបាន។
លោកបន្តថា នេះជាពេលវេលាដ៏ត្រឹមត្រូវ ដែលលោកអាចមកបណ្តាក់ទុនរកស៊ី ព្រោះផ្នែកនេះមិនទាន់មានគេប្រតិបត្តិការនៅឡើយ ហើយកម្ពុជាអាចនឹងមានបញ្ហាប្រឈមនឹងការចូលលួចទិន្នន័យច្រើននៅពេលខាងមុខ។ លើសពីនេះក្រុមហ៊ុនលោកចង់ជួយបង្កើនធនធានមនុស្ស ពិសេសយុវជន នៅក្នុងប្រទេសកម្ពុជាផងដែរ៕
មតិយោបល់