ព័ត៌មានជាតិ

គួរ​ឲ្យ​អាសូរ​! ​លង់ទឹករណ្ដៅ ​ស្លាប់​ទាំងពីរនាក់បងប្អូន

ត្បូងឃ្មុំៈ ក្មេងប្រុសស្រី២នាក់បងប្អូនបង្កើត ម្នាក់អាយុ៨ឆ្នាំ និងម្នាក់អាយុ១០ឆ្នាំ បាននាំគ្នាទៅលេងទឹកក្នុងរណ្ដៅ ខណៈដែលឪពុកម្ដាយមិននៅផ្ទះ បណ្ដាលឲ្យលង់ទឹកស្លាប់ទាំង២នាក់គួរឲ្យអាសូរ។

រហូតសពក្មេងរងគ្រោះអណ្ដែតលើទឹកទើបប្រទះឃើញ បង្កឲ្យមានការភ្ញាក់ផ្អើលវេលាចន្លោះពីម៉ោង៨ទៅម៉ោង១០ព្រឹកថ្ងៃទី៧ កញ្ញា ២០១៦ នៅចំណុចរណ្តៅជីកយកដី របស់ឈ្មោះ នង នឿន មានចម្ងាយប្រមាណជាង៣០០ម៉ែត្រពីភូមិថ្មពេជ្រទី៣ ឃុំថ្មពេជ្រ ស្រុក-ខេត្តត្បូងឃ្មុំ។

លោកវរសេនីយ៍ត្រី ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំបានឲ្យដឹងថា កុមាររងគ្រោះទាំងពីនាក់បងប្អូន ទី១ ឈ្មោះ ហឿន សុខខួច ភេទស្រី អាយុ១០ឆ្នាំ និងទី២ឈ្មោះ ហឿន កុយ ភេទប្រុស អាយុ៨ឆ្នាំ មានឪពុកឈ្មោះ ចន ហឿន អាយុ៤៧ឆ្នាំ (បច្ចុប្បន្នរកស៊ីនៅប្រទេសថៃ) និងម្តាយឈ្មោះ ឆុន សំបូរ អាយុ៤៥ឆ្នាំ មុខរបរកសិករ រស់នូវក្នុងភូមិកើតហេតុខាងលើ។

ប្រភពបានឲ្យដឹងថា នៅប្រហែលជាម៉ោង៨ព្រឹក ថ្ងៃកើតហេតុ ម្តាយក្មងរងគ្រោះ បានដើរទៅទិញម្ហូប ដោយទុកកូនៗចំនួន៤នាក់នៅផ្ទះ ចំណែកក្មេងរងគ្រោះទាំង២នាក់បងប្អូន (កូនទី២ និងទី៣ ) បាននាំគ្នាទៅដើរលេង លុះដល់វេលាម៉ោងប្រហែលជា១0ព្រឹកថ្ងៃដដែល ស្រាប់តែមានក្មេងម្នាក់ឈ្មោះ សប្បាយ លាងហេង អាយុ១៣ឆ្នាំ នៅភូមិជាមួយ បានជិះកង់មកពីស្រែ ក៏បានឃើញក្មេងរងគ្រោះ អណ្តែតក្នុងទឹកនៅកន្លែងកើតហេតុ ក៏បានមកប្រាប់អាណាព្យាបាលក្មេងរងគ្រោះតែម្តង។

ក្រោយពីកើតហេតុកម្លាំងជំនាញបច្ចេកទេសនគរបាលស្រុកត្បូងឃ្មុំ បានចុះទៅត្រួតពិនិត្យ រួចប្រគល់សពក្មេងរងគ្រោះទាំង២នាក់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

612345

មតិយោបល់