ភ្នំពេញៈ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក នូ វាសនា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យមន្ត្រីពន្ធនាគារនាំយកជនជាប់ចោទឈ្មោះ ទេព វន្នី មកសាកសួរបន្ថែម ពាក់ព័ន្ធនឹងសំណុំរឿងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស នៅមុខភូមិគ្រឹះសម្តេចនាយករដ្ឋមន្ត្រីនៅក្បែរវិមានឯករាជ្យកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣កន្លងទៅ។
សូមជម្រាបថា កាលពីរសៀល ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ កន្លងទៅលោក នូ វាសនា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យមន្ត្រីពន្ធនាគារនាំយកជនជាប់ចោទឈ្មោះ ទេព វន្នី មកសាកសួរបន្ថែម ពាក់ព័ន្ធនឹងសំណុំរឿងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស នេះរួចមកម្តងហើយ ប៉ុន្តែនៅក្រោយពេលតុលាការបញ្ចប់ការសាកសួរជនជាប់ចោទឈ្មោះ ទេព វន្នី បានប្រាប់អ្នកសារព័ត៌មានថា លោកស្រីបានឆ្លើយបដិសេធថាលោកស្រីមិនបានប្រព្រឹត្តដូចការចោទប្រកាន់ឡើយ។
គួររំលឹកថា សកម្មជនដីធ្លីតំបន់បឹងកក់ទាំង ទេព វន្នី ត្រូវបានសមត្ថកិច្ចខណ្ឌដូនពេញ បានឃាត់ខ្លួនកាលពីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ ក្រោយពីប្រមូលម្តុំគ្នាស្លៀកពាក់ពណ៌ខ្មៅ ក្នុងយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ដើម្បីទាមទារឲ្យអាជ្ញាធរ ជាពិសេសតុលាការក្រុងភ្នំពេញដោះលែងសកម្មជនសិទ្ធិមនុស្ស និងអគ្គលេខាធិការរង គ.ជ.ប សរុបចំនួន៥រូប ដែលត្រូវបានតុលាការឃុំខ្លួនជាបណ្តោះអាសន្ន ដែលផ្តើមចេញពីសំណុំរឿង ស្នេហារវាងលោក កឹម សុខា និងកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ។
ក្រោយមកនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦កន្លងទៅ លោក ពេជ វិជ្ជាធរ ចៅក្រមជំនុំជម្រះសាលាដំបូងក្រុងភ្នំពេញ បានប្រកាសសាលក្រមសម្រេច ផ្តន្ទាទោសជនជាប់ចោទ ទេព វន្នី និង បូវ សោភា ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយ:៦ថ្ងៃ និងពិន័យជាប្រាក់៨ម៉ឺនរៀលក្រោមបទចោទ ជេរប្រមាថ យោងតាមមាត្រា៥០២នៃក្រមព្រហ្មទណ្ឌ៕
https://youtu.be/pfQr1W_R6xc
https://youtu.be/mvDnq69v7gQ
មតិយោបល់