(ស៊ីដនី)៖ អាជ្ញាធរនៅក្នុងប្រទេសអូស្ត្រាលី នៅថ្ងៃចន្ទ ទី២៧ ខែធ្នូនេះ បានរាយការណ៍ពីករណីស្លាប់ដំបូងដោយសារមេរោគ COVID-19 បំប្លែងថ្មី Omicron ប៉ុន្តែភ្លាមៗ មិនទាន់ដាក់ចេញនូវវិធានការរឹតត្បិតអ្វីនៅឡើយទេ ខណៈអត្រាចូលសម្រាកមន្ទីរពេទ្យដោយសារមេរោគថ្មីនេះ នៅតែមានកម្រិតទាបនៅឡើយ។
ករណីស្លាប់ដំបូងខាងលើនេះ គឺជាបុរសវ័យចំណាស់អាយុ ៨០ឆ្នាំម្នាក់ ដែលមានជំងឺប្រចាំកាយស្រាប់។ អាជ្ញាធរអូស្ត្រាលីមិនបានបញ្ជាក់លម្អិតអំពីករណីស្លាប់ដំបូងនេះទេ ដោយគ្រាន់តែបង្ហើបព័ត៌មានមួយចំនួនថា បុរសរូបនេះបានឆ្លងវីរុស នៅក្នុងមណ្ឌលថែទាំមនុស្សចាស់មួយកន្លែង និងបានស្លាប់នៅក្នុងមន្ទីរពេទ្យមួយ នាទីក្រុងស៊ីដនី។
បើតាមក្រុមអ្នកវិទ្យាសាស្ត្រអាហ្វ្រិកខាងត្បូង និងចក្រភពអង់គ្លេស Omicron មានសមត្ថភាពអាចចម្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់បានឆាប់រហ័សជាងវីរុស Delta ប៉ុន្តែអត្រាចូលសម្រាកមន្ទីរពេទ្យ ដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរនោះ គឺមានកម្រិតទាបជាង Delta ឆ្ងាយ៕
ប្រភព៖ Reuters
មតិយោបល់