រតនគិរីៈ រថយន្តសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2N-2491 មួយគ្រឿង ដឹកឈើប្រណីតពេញព្រៀប ត្រូវបានកម្លាំងនៃគណៈបញ្ជាការឯកភាពក្រុងបានលុង បង្ក្រាបបាន រួចយកទៅទុកក្នុងអធិការក្រុងលុះព្រឹកឡើងថ្ងៃទី៧ ខែកញ្ញា ទើបបញ្ជូនទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើ ស្រាប់តែឃើញសល់តែឈើបន្តិចបន្តួចទុកជាភស្តុតាង សង្ស័យសមត្ថកិច្ចឃុបឃិតគ្នា។
រថយន្តសាំយ៉ុងដែលត្រូវសមត្ថកិច្ចបង្ក្រាបបានកាលពីវេលាម៉ោង៧និង៣០នាទីថ្ងៃទី៦ កញ្ញា ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ចំណុចត្រួតពិនិត្យអាវុធជាតិផ្ទុះក្នុងភូមិសិល សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី។
តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តសាំយ៉ុងដឹកឈើ គឺដឹកចេញពីក្នុងខេត្តរតនគិរីក្នុងគោលដៅឆ្ពោះទៅច្រករបៀង ភូមិភិៈ ក្នុងស្រុកអូរយ៉ាដាវ ដើម្បីយកទៅលក់នៅប្រទេសវៀតណាម ហើយក្នុងមួយរថយន្តសាំយ៉ុងត្រូវគេដឹងថា អាចផ្ទុកបានចំនួនប្រហែលជាង៣ម៉ែត្រគូបឯណោះ ប៉ុន្តែដោយឡែកឈើប្រណីតដែលសមត្ថកិច្ចចម្រុះក្រុងបានលុងបានចាប់បញ្ជូនមកទុកក្នុងអធិការក្រុង ត្រូវគេសង្គេតឃើញថា បានផ្ទុកទៅដោយឈើប្រណីតប្រភេទធ្នង់ពេញរថយន្ត ស្រាប់តែព្រឹកឡើងអ្វីដែលគួរសោកស្តាយនោះ គឺសល់តែឈើប្រណិតបន្តិចបន្តិចបន្តួចតែប៉ុណ្ណោះ ដើម្បីទុកជាភស្តតាងឲ្យមេព្រៃឃើញហើយវាស់វែង។
ទាក់ទិននឹងករណីបង្ក្រាបរថយន្តសាំយ៉ុងដឹកឈើនេះអ្នកយកព័ត៌មានយើងបានទំនាក់ទំនងទៅលោក លីសុផាន នាយសង្កាត់រដ្ឋបាលព្រៃឈើក្រុងបានលុងដែរកាលពីល្ងាចម្សិលមិញនាវេលាម៉ោង៤និង៣០នាទី ដើម្បីចង់ដឹងថា ឈើដែលបង្ក្រាបបាននោះមានចំនួនប៉ុន្មាន តែលោកនិយាយថា លោកជាប់ប្រជុំមិនទាន់ចប់ហើយព្រឹកមិញមានសំណុំរឿងសត្វព្រៃបីបួននៅមិនទាន់ចប់ នៅកំពុងធ្វើការ។ ចំណែកឯជំនាញរដ្ឋបាលព្រៃឈើគេសង្ស័យថា បានឃុបឃិតជាមួយបទល្មើសព្រៃឈើនៅក្នុងខេត្តមួយនេះ។
ពាក់ព័ន្ធនិងសមត្ថកិច្ចយករថយន្តទៅរក្សាទុកក្នុងអធិការក្រុងបានលុងកាលពីយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ លោក ហួត បុរី អធិការនគរបាលក្រុងបានលុងបានឲ្យដឹងនាល្ងាចម្សិលមិញថា ឡានដែលចាប់នេះ គឺកម្លាំងគណៈបញ្ជាការឯកភាពក្រុងជាអ្នកចាប់យកមកផ្ញើទុកក្នុងអធិការក្រុង ហើយលោកថា កាលពីយប់នោះលោកមិនបានពិនិត្យមើលថា ឈើក្នុងរថយន្តសាំយ៉ុងនោះមានប៉ុន្មានដុំនោះទេ សួរទៅអភិបាលក្រុងទៅ។
ចំពោះរឿងនេះអ្នកយកព័ត៌មានយើងក៏បានទំនាក់ទំនងទៅលោក ងិន ណែល អភិបាលក្រុងបានលុងដែរតែទូរស័ព្ទនិយាយស្តាប់គ្នាមិនបាន ហើយអ្នកយកព័ត៌មានយើងបានព្យាយាមទំនាក់ទំនងទៅទៀតតែលោកមិនលើកទូរស័ព្ទ។
សូមបញ្ជាក់ផងដែរថា រថយន្តសាំយ៉ុងដឹកឈើពេញដែលកម្លាំងគណៈបញ្ជាការឯកភាពក្រុងចាប់បញ្ជូនយកទៅផ្ញើទុកក្នុងអធិការក្រុងបានលុង លុះព្រឹកឡើងបញ្ជូនទៅផ្នែករដ្ឋបាលព្រៃឈើលំផាត់នោះត្រូវគេសង្ស័យថា សមត្ថកិច្ចមានការឃុបឃិតគ្នាជាមួយឈ្មួញនាពេលយប់ ដើម្បីរំដោះយកឈើចេញអស់ជាច្រើនពីក្នុងរថយន្តក្នុងន័យរកផលប្រយោជន៍ផ្ទាល់ខ្លួន៕
មតិយោបល់