ព្រះវិហារៈ ក្រោយពីរថយន្តដឹកប៊ីដុងសាំងផ្ទុះឆេះ បន្ទាប់ពីបុកម៉ូតូរួច ពេលនេះមានសេចក្តីរាយការណ៍ថា មានមនុស្សម្នាក់រងរបួសធ្ងន់ ហើយក៏ត្រូវបានគេដឹកតាមរថយន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តព្រះវិហារ។
លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានប្រាប់ Post News ថា បុរសម្នាក់ដែលជាម្ចាស់ម៉ូតូ ហៅឈ្មោះថា តាម៉ាប់ មុខរបរលក់នំបុ័ង ខណៈនេះត្រូវបានគេជួយសង្គ្រោះ បន្ទាប់ពីរថយន្តដឹកប្រេងបុកម៉ូតូរបស់គាត់កាលពីវេលាម៉ោងប្រមាណ១០និង៣០នាទីព្រឹកថ្ងៃទី៨ កញ្ញា នៅឃុំរដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
បើតាមលោកអភិបាលខេត្តនៅរសៀលថ្ងៃទី៨ កញ្ញា នេះ លោកនឹងដឹកនាំមន្រ្តីចុះទៅសួរសុខទុក្ខជនរងគ្រោះដល់មន្ទីរពេទ្យ។
ទោះជាយ៉ាងណាករណីនេះ អ្នកបើករថយន្តមិនត្រូវបានឃាត់ខ្លួននោះឡើយ បន្ទាប់ពីផ្ទុះឆេះរថយន្ត ហើយរត់បាត់ ប៉ុន្តែអ្វីដែលខាតបង់នោះ គឺរថយន្តដឹកប្រេងមួយគ្រឿង និងផ្លូវសាធារណៈរបស់រដ្ឋ៕
មតិយោបល់