កំពង់ឆ្នាំងៈ ប្រធានរដ្ឋបាលជលផល បានដឹកនាំកម្លាំងសមត្ថកិច្ចជលផលថ្នាក់កណ្តាល កម្លាំងអធិការដ្ឋានខាងត្បូងបឹងទន្លេសាប និងកម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ចុះពិនិត្យ បទល្មើសនេសាទនៅចំណុចព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ និងបានបង្ក្រាបបទល្មើសនេសាទមានរបាំងសាច់អួន និងរបាំងស្បៃមុងបានមួយចំនួនធំផងដែរ។
លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាល និងជាប្រធានរដ្ឋបាលជលផល កាលពីរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ ម្សិលម៉ិញនេះ បានចុះពិនិត្យមើលបទល្មើសនេសាទនៅចំណុចព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ថាតើនៅក្នុងរដូវបិទនេសាទនេះ បទល្មើសនេសាទមានការកើតឡើង ឬអត់?។ នៅពេលចុះ ទៅដល់ចំណុចព្រំប្រទល់នៃខេត្តទាំង២ គេឃើញទឹកដីខេត្តកំពង់ឆ្នាំង មានដាក់របាំងសាច់អួន៣ខ្សែ នៅចំណុចភូមិក្រចាប់ ឃុំឆ្នុកទ្រូ ដោយឡែកខាងទឹកដីខេត្តពោធិ៍សាត់វិញ ចាប់ពីចំណុចភូមិក្រចាប់ ចំណុចចំការតាហោ ក្នុងភូមិក្បាលត្រាច រហូតដល់ភូមិផ្គោល ឃុំចំបក់អន្សា ស្រុកក្រគរវិញ គឺមានបទល្មើសរបាំងស្បៃមុង កើតមានច្រើនដែលដាក់លាក់នៅក្នុងព្រៃរនាម និងខ្លះទៀត បានដាក់នៅកណ្តាលវាលតែម្តង។
ក្នុងពេលចុះពិនិត្យ ឃើញសភាពបែបនេះ លោក អេង ជាសាន បានបញ្ជាកម្លាំងឲ្យចុះរុះរើ និងកម្ទេចនៅក្នុងទឹកដីឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង រុះរើបានរបាំងសាច់អួនចំនួន៣កន្លែង ប្រវែង៣០០ម៉ែត្រ បង្គោល១៥០ដើម រឹបអូសលបលូ៦មាត់ និងបានចាក់លែងត្រីចូលបឹងធម្មជាតិវិញ បានចំនួន២០គីឡូក្រាម។
ដោយឡែកនៅក្នុងទឹកដីឃុំអន្សា ចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់វិញ បង្ក្រាបបានរបាំងស្បៃមុង១៥កន្លែង ប្រវែង៧៥០ម៉ែត្រ បង្គោល៤៥០ដើម លបលូស្បៃមុង៣០មាត់ និងបានចាក់លែងកូនត្រីគ្រប់ប្រភេទចូលទន្លេធម្មជាតិវិញចំនួន២០០គីឡូក្រាម។
ប្រធានរដ្ឋបាលជលផល អេង ជាសាន បានបញ្ជាក់ថា នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦នេះ លោកនឹងបញ្ជាកម្លាំងរដ្ឋបាល ជលផលថ្នាក់កណ្តាល កម្លាំងអធិការដ្ឋានខាងត្បូង និងខាងជើងបឹងទន្លេសាប រួមសហការជាមួយកម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងពោធិ៍សាត់ ឲ្យចុះបង្ក្រាប និងរុះរើរបាំងស្បៃមុងឲ្យអស់ពីក្នុងទឹកដីស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាបន្តទៀត ព្រោះរបាំងស្បៃមុងនេះ ជាបទល្មើសនេសាទមួយប្រភេទដែលបានបំផ្លាញពូជមច្ឆាជាតិគ្រប់ប្រភេទ។
លោក ក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំង៣ប្រភេទ សហគមន៍ នេសាទ និងប្រជាពលរដ្ឋ សូមចូលរួមសហការទប់ស្កាត់ រាយការណ៍ និងបង្ក្រាបបទនេសាទនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យមានប្រសិទ្ធភាព ជាមួយកម្លាំងរដ្ឋបាលជលផល ដើម្បីរក្សាបាននូវពូជត្រីឲ្យបានគង់វង្ស៕
មតិយោបល់