ព័ត៌មានជាតិ

កម្ពុជា-ចិន លើកកម្ពស់កិច្ចគាំពារបរិស្ថាន និងពង្រឹងចំណងមិត្តភាពជាយុទ្ធសាស្រ្ត

ភ្នំពេញៈ ក្រោមការឧបត្ថម្ភរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងការពារបរិស្ថានចិន កម្មវិធីបណ្តុះបណ្តាលស្តីពីកិច្ចគាំពារបរិស្ថានដែលមានរយៈពេល២០ថ្ងៃ ត្រូវបានរៀបចំឡើងដោយមានការចូលរួមសម្របសម្រួល និងអនុវត្តពីមជ្ឈមណ្ឌលផ្សព្វផ្សាយ បណ្តុះបណ្តាល និងអប់រំបរិស្ថាននៃក្រសួងការពារបរិស្ថានចិន ស្របតាមស្មារតីនៃអនុស្សារណៈយោគយល់រវាងកម្ពុជា-ចិន ដើម្បីលើកស្ទួយកិច្ចគាំពារបរិស្ថាន និងពង្រឹងចំណងមិត្តភាពជាយុទ្ធសាស្រ្តរវាងប្រជាជាតិទាំងពីរឱ្យកាន់តែរឹងមាំ។

លោក ស៊ុម សុខម្ភូ អគ្គនាយករងនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន កាលពីថ្ងៃទី៧ ខែកញ្ញា កន្លងទៅនេះ បានដឹកនាំគណៈប្រតិភូអន្តរអគ្គនាយកដ្ឋានចំណុះក្រសួងបរិស្ថាន និងមន្ត្រីតំណាងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពចំនួន១៦រូប ចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលស្តីពីកិច្ចគាំពារបរិស្ថាន នៅសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនោះ លោក ស៊ុម សុខម្ភូ បានសម្តែងនូវអំណរគុណ ចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងវាយតម្លៃខ្ពស់ចំពោះគុណតម្លៃនៃកម្មវិធីសិក្សាទ្រឹស្តី កម្មវិធីកម្មសិក្សា ឧបទេសគរុកោសល្យ និងសៀវភៅសិក្សាសម្រាប់វគ្គបណ្តុះបណ្តាលនេះ ដែលផ្តល់ជាមូលដ្ឋានបន្ថែមថ្មីទៀតសម្រាប់កម្ពុជា ពិសេសក្រសួងបរិស្ថានយកមកពិចារណាសម្រាប់ការរៀបចំសេចក្តីព្រាងក្រមបរិស្ថាន និងគោលនយោបាយបរិស្ថាន ក៏ដូចជាផែនការយុទ្ធសាស្ត្រផ្សេងៗនាពេលអនាគត៕

93-393-493-193-2

មតិយោបល់