ព័ត៌មានជាតិ

ជម្លោះក្នុងគ្រួសារ ប្អូនថ្លៃវាយបងថ្លៃ រហូតដល់ស្លាប់

ភ្នំពេញ: ស្រ្តីវ័យចំណាស់ម្នាក់ស្លាប់បាត់ជីវិត បន្ទាប់កើតមានជម្លោះក្នុងគ្រួសារបន្តិចបន្តួច ក៏ត្រូវប្អូនថ្លៃប្រុសយកបន្ទះដែកវាយក្បាល បណ្តាលឲ្យបែករងរបួសធ្ងន់ រួចក្រុមគ្រួសារដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពទ្យរុស្ស៊ីកាលពីវេលាម៉ោង៧យប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិត្រពាំងអញ្ចាញ៣ សង្កាត់ត្រពាំងក្រសាំង ប៉ុន្តែក្រោយពីសម្រាកព្យាបាលបាន៤ថ្ងៃ អកុសលជនរងគ្រោះបានស្លាប់កាលពីវេលាម៉ោង១១យប់ថ្ងៃទី៧ ខែកញ្ញា ហើយសពត្រូវបានដឹកមកតម្កល់ទុកធ្វើបុណ្យនៅរោងបុណ្យ ភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពិធិ៍សែនជ័យ។

ស្រ្តីរងគ្រោះដែលត្រូវប្អូនថ្លៃវាយរហូតដល់បាត់ជីវិតមានឈ្មោះ រ័ត្ន សៀម អាយុ៥៨ឆ្នាំ មុខរបរនៅផ្ទះ ភូម៨សាមគ្គី៣ សង្កាត់ត្រពាំងក្រសាំង ស្រុកកំណើតភូមិអង្គរមាស ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ចំណែកជនដៃដល់មានឈ្មោះ ផាន់ ធឿន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកម្មករសំណង់ ត្រូវជាប្អូនថ្លៃរបស់ជនរងគ្រោះ ស្នាក់នៅជាមួយគ្នា ស្រុកកំណើតជាមួយគ្នា មានប្រពន្ធនៅឃុំអូរគគី ស្រុកច្បារមន ខេត្តកំពង់ស្ពឺ ក្រោយកើតហេតុបានគេចខ្លួនបាត់។

តាមប្រភពពីក្រុមគ្រួសារបានឲ្យដឹងថា មុនកើតហេតុជនសង្ស័យ ត្រូវបានគេបញ្ឈប់ពីការងារសំណង់ ហើយនៅវេលាម៉ោង៧យប់ថ្ងៃទី៤ ខែកញ្ញា ក្រោយពីហូបបាយរួច កូនប្រុសរបស់ជនរងគ្រោះ ក៏បានថា មកពីពូធ្វើការងារមិនកើតឲ្យគេ ទើបគេបញ្ឈប់ពីការងារថាហើយ ធ្វើឲ្យជនសង្ស័យខឹងច្រឡោត គំរាមវាយទៅលើក្មួយប្រុស ក៏កើតទៅជាទំនាស់ពាក្យសម្តីក្នុងរង្វង់គ្រួសារ ត្រូវបានជនរងគ្រោះ ដេញកូនឲ្យចូលដេក កុំឲ្យតមាត់ជាមួយមនុស្សចាស់។ ប្រភពបន្តទៀតថា ក្រោយពីកូនប្រុសចូលសម្រាកបាត់ រឿងរ៉ាវទំនាស់ពាក្យសម្តីមិនទាន់ចប់ទេ ផ្ទុះឡើងបន្តទៀតរវាងជនរងគ្រោះ ជាបងថ្លៃ ជាមួយជនសង្ស័យ ជាប្អូនថ្លៃ ឈានទៅដល់ ប្អូនថ្លៃប្រដាប់ដោយ ដែកបន្ទះវាយសំពងក្បាលបងថ្លៃ បណ្តាលឲ្យបែកហូរឈាមរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរុស្ស៊ី ចំណែកជនសង្ស័យក្រោយកើតហេតុ បានគេចខ្លួនបាត់ ។

ក្រោយពីបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យ អស់រយ:ពេល៤ថ្ងៃ នៅវេលាម៉ោង១១យប់ថ្ងៃទី០៧ ខែកញ្ញា ស្រ្តីរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ ទើបដឹកបញ្ជូន មកតម្កល់ទុកនៅសាលាបុណ្យ ក្នុងភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ហើយនៅព្រឹកថ្ងៃទី០៨ ខែកញ្ញានេះ សមត្ថកិច្ចជំនាញ ចុះទៅពិនិត្យកោសល្យវិច័យ ស្លាកស្នាម ដើម្បីកសាងសំណុំរឿង ស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យ ផ្អែកទៅលើបណ្តឹងរបស់ ក្រុមគ្រួសារជនរងគ្រោះ៕

មតិយោបល់